គម្រោងសាងសង់ផ្លូវជាតិលេខ៣ មកដល់ពេលនេះសម្រេចបាន ៨០% ហើយ ខណៈក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវ និងស្ពានរំលងផ្លូវ។ ផ្លូវនេះត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពសាងសង់ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង អភិបាលរងខេត្តតាកែវ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលស្រុកតាមដងផ្លូវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យដឹងថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយទៀតពី ១.៥គីឡូម៉ែត្រ ទៅ ២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។

ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវមិនស្របតាមលក្ខណៈបច្ចេកទេសគឺ ជាបច្ច័យនាំឱ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។ ឯកឧត្ដមរដ្ឋលេខាធិការបានបង្ហាញថា ផ្លូវជាតិលេខបី (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះអមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ៕




អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


