សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះពី ៧% ទៅ ៩% នៅឆ្នាំនេះដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ខណៈមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជាញឹកញាប់ គឺជាក្តីបារម្ភមួយ។
យោងតាមគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្មឧស្សាហកម្ម និងធនាគារថៃបានឱ្យដឹងថា ខណៈដែលការរឹតត្បិតនៃជំងឺរាតត្បាតភាគច្រើនត្រូវបានដកចេញ សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងនាំចេញនៅតែមានសម្ពាធ ខណៈការផ្ទុះឡើងនៃជំងឺរាតត្បាតនេះបានកាត់បន្ថយតម្រូវការសកល។ លោក Payong Srivanich ប្រធានសមាគមធនាគារថៃ បានប្រាប់សន្និសីទសារព័ត៌មានលីមួយថា « សេដ្ឋកិច្ច នៅតែខ្សោយខ្លាំង »។ លោកបន្ថែមថា « តម្រូវការក្នុងស្រុកមានភាពផុយស្រួយ ដោយសារភាពមិនប្រាកដប្រជាដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអតិថិជន និងវិនិយោគិន »។

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនួញបាននិយាយថា ទីផ្សារការងារមានការព្រួយបារម្ភ ដោយការបាត់បង់ការងារមានប្រមាណជាង ៣.២ លាននាក់។ សេដ្ឋកិច្ចថៃ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាង ២ ទសវត្សរ៍នៅក្នុងត្រីមាសទី២ ដោយសារការនាំចេញបានធ្លាក់ចុះ ហើយចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះដល់កម្រិត ០ ចាប់តាំងពីខែមេសា នៅពេលដែលប្រទេសនេះបានដាក់បម្រាមលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។

យោងតាមទីភ្នាក់ងារផែនការរដ្ឋរបស់ថៃបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកពីបរទេសត្រូវបានគេរំពឹងថា នឹងមានត្រឹមតែ ៦.៧ លាននាក់នៅឆ្នាំនេះ បន្ទាប់ពីកំណត់ត្រាកាលពីឆ្នាំមុនមានចំនួន ៣៩.៨ លាននាក់។ លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃបានមានប្រសាសន៍ថា ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលស្ទើរតែរាល់ថ្ងៃចាប់តាំងពីពាក់កណ្តាលខែកក្កដា ជាពិសេសការជួបជុំដ៏ធំមួយដែលគ្រោងធ្វើនៅថ្ងៃទី ១៩ ខែកញ្ញា គឺជាកង្វល់មួយផ្សេងទៀត។ លោកបានន្ថែមថា « រឿងនេះបានដំណើរការរួចទៅហើយ ប្រសិនបើវាបន្តទៅមុខទៀតវានឹងប៉ះពាល់ដល់សេដ្ឋកិច្ច … វិនិយោគិនបរទេសបានបន្ថយការវិនិយោគរបស់ពួកគេ »៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


