មន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិនប្រចាំនៅប្រទេសថៃ បានច្រានចោលការបើកឡើងវិញនូវវិស័យទេសចរណ៍រវាងចិន និងថៃនៅពេលឆាប់ៗនេះ ព្រោះប្រទេសទាំងពីរមិនទាន់ត្រៀមខ្លួនក្នុងការបើកវិស័យនេះឡើងវិញទេ។
លោក Yang Xin ទីប្រឹក្សារដ្ឋមន្រ្តី និងជាអនុប្រធានបេសកកម្មនៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសថៃបាននិយាយថា ថ្មីៗនេះប្រទេសចិនបានបើកដំណើរការទេសចរណ៍ក្នុងស្រុកឡើងវិញហើយ ប៉ុន្តែមិនទាន់បានស្វាគមន៍ភ្ញៀវទេសចរបរទេស ឬក៏ជម្រុញឲ្យប្រជាជនចិនធ្វើដំណើរទៅបរទេសឡើយ។ លោកបាននិយាយថា « សូម្បីតែអ្នកទេសចរចិនក៏ចង់មកលេងប្រទេសថៃដែរ ប៉ុន្តែប្រទេសថៃទំនងជាមិនអាចបើកសម្រាប់ភ្ញៀវទេសចរបរទេសបានទេ »។

រដ្ឋាភិបាលថៃមិនទាន់បើកដំណើរការឡើងវិញលើវិស័យទេសចរណ៍នៅឡើយទេ ព្រោះនៅតែមានការព្រួយបារម្ភអំពីសក្តានុពលនៃការនាំចូលករណី Covid-19 ថ្មី។ រដ្ឋាភិបាលគ្រោងនឹង អនុញ្ញាតឱ្យភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរ ២០០ នាក់ដំបូងចូលប្រទេសនេះនៅខែក្រោយ។ លោក Yang បានបន្ថែមថា បច្ចុប្បន្នប្រទេសចិនកំពុងបើកការធ្វើដំណើរឡើងវិញ សម្រាប់អ្នកជំនួញដែលអាចដាក់ពាក្យសុំចូលប្រទេសចិនដើម្បីធ្វើជំនួញ។ អ្នកជំនួញបរទេស មិនត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនោះទេ ប៉ុន្តែពួកគេអាចទៅទស្សនាបានតែកន្លែងមានកំណត់ចាំបាច់សម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


