ឥណ្ឌូនេស៊ីបានបន្ធូរបន្ថយច្បា​ប់ទៅលើការផ្ដល់ប្រាក់កម្ចី សម្រាប់ទិញរថយន្តអគ្គិសនី និងសម្រាប់អាជីវកម្ម ដែលផលិតនៅក្នុងប្រទេស
សេដ្ឋកិច្ច September 5, 2020 Chan Sreyny

អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ (OJK) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីបានបន្ធូរបន្ថយច្បា​ប់ទៅលើការផ្ដល់ប្រាក់កម្ចី សម្រាប់ការទិញរថយន្តអគ្គិសនី និងប្រាក់កម្ចីសម្រាប់អាជីវកម្មដែលផលិតនៅក្នុងប្រទេស ដើម្បីជំរុញការវិនិយោគនៅក្នុងវិស័យទាំង​នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ បាន​និយាយថា ខ្លួនបានបន្ធូរបន្ថយវិធានការស្ដីពីការវាយតម្លៃឥណទាន និងការគណនាហានិភ័យ សម្រាប់ប្រាក់កម្ចីដល់អ្នកទិញរថយន្តអេឡិចត្រូនិក ក៏ដូចជា សម្រាប់ ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងអាគុយ។ អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុក៏បាននិយាយផងដែរថា ប្រាក់កម្ចីទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ថានីយ៍សាកថ្ម អាចត្រូវបានលើកលែងពីដែនកំណត់ដែលបានកំណត់ដោយ អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ។

បន្ថែមពីនេះ សេចក្តីថ្លែងការណ៍និយាយថា ការផ្លាស់ប្តូរនេះធ្វើឡើងស្របតាមបទប្បញ្ញត្តិឆ្នាំ២០១៩ របស់រដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហកម្មយានយន្តអគ្គិសនីក្នុងស្រុក។ គួរឲ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី ចង់បង្កើតឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់នីកែលពេញលេញ ដោយចាប់ផ្តើមពីការជីកយករ៉ែ ទាញយកសារធាតុគីមីនីកែល ដែលប្រើក្នុងអាគុយ។

នៅឆ្នាំនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ឈប់ការនាំចេញរ៉ែនីកែលដែលមិនទាន់កែច្នៃដើម្បីធានាថាការផ្គត់ផ្គង់នីកែលរបស់វានឹងត្រូវបានដំណើរការនៅក្នុងស្រុករួមទាំងរោងចក្រគីមីថ្មដែលកំពុងសាងសង់។ ខណៈនៅឆ្នាំនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ឈប់ការនាំចេញរ៉ែនីកែល ដែលមិនទាន់កែច្នៃដើម្បីធានាថាការផ្គត់ផ្គង់នីកែលរបស់ខ្លួន នឹងត្រូវបានដំណើរការនៅក្នុងស្រុករួមទាំងរោងចក្រគីមីសម្រាប់ផលិតអាគុយ ដែលកំពុងសាងសង់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost