កម្ពុជា នឹងបើកឱ្យមានជើងហោះហើរឡើងវិញចំពោះអ្នកវិនិយោគដែលចង់មកកម្ពុជា
សេដ្ឋកិច្ច September 5, 2020 Chan Sreyny

ប្រទេសកម្ពុជា នឹងបើកឱ្យមានជើងហោះហើរឡើងវិញចំពោះអ្នកវិនិយោគដែលចង់មកកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកកម្ពុជាកាន់តែច្រើន នេះបើយោយងតាមប្រសាសន៍របស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពវិស័យទេសចរណ៍ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិ ការ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបើកដំណើរការជើងហោះហើរឡើងវិញនេះ ចំពោះតែភ្ញៀវទេសចរធុរកិច្ចតែប៉ុណ្ណោះ ហើយចំពោះតែប្រទេសណាដែលមានភាពធូរស្រាលនៃការរាលត្បាតជំងឺ Covid-19 ។

ឯកឧត្តម ទិត ចន្ថា បានបន្ថែមថា « ជាពិសេសដំបូងនេះដូចបានបញ្ជាក់អ៊ីចឹង យើងបានអនុញ្ញាតឱ្យមានជាប្រភេទទេសចរធុរកិច្ច គឺជាអ្នក​​មកធ្វើធុរកិច្ចនៅកម្ពុជាសិន។ ចំពោះទេសចរប្រភេទផ្សេងៗទៀត យើងនឹងបន្តធ្វើនៅពេលខាងមុខទៀត នៅពេល​​ដែលស្ថានភាពអំណោយផល នៅពេលដែលជំងឺ Covid-19 នេះគឺមានការថមថយ »។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការបើកដំណើរការជើងហោះហើរឡើងវិញនេះ បន្ទាប់ពីមានការផ្អាកជើង​​ហោះ​​ហើរជាបណ្ដោះអាសន្នជាមួយបណ្ដាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ Covid-19 ឱ្យកាន់តែ​​មានប្រសិទ្ធ​ភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន