រដ្ឋាភិបាលថៃ គ្រោងនឹងចំណាយថវិកាចំនួន ៤៥ ពាន់លានបាត (ជាង ១.៤ ពាន់លានដុល្លារ) លើការប្រគល់ជាសាច់ប្រាក់ដល់ប្រជាជនចំនួន ១៥ លាននាក់ ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដែលត្រូវបានគេរំពឹងថានឹងជម្រុញការប្រើប្រាស់ក្នុងស្រុក។
លោក Danucha Pichayanan អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបាននិយាយកាលពីថ្ងៃទី ២ ខែកញ្ញាថា ការប្រជុំរបស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយ Covid-19 បានអនុម័តលើការប្រគល់សាច់ប្រាក់ជាវិធានការជម្រុញសេដ្ឋកិច្ច ដែលស្នើដោយក្រសួងហិរញ្ញវត្ថុថៃ។ តាមវិធានការនេះ រដ្ឋាភិបាលនឹងផ្តល់ជូនជាសាច់ប្រាក់ចំនួន ៣.០០០ បាតដល់ប្រជាជនដើម្បីទិញទំនិញប្រើប្រាស់។ លោក Danucha បន្ថែមថា វិធានការនេះត្រូវបានគេរំពឹងថានឹងជម្រុញលំហូរសាច់ប្រាក់ប្រមាណ ៩០ ពាន់លានបាតក្នុងសេដ្ឋកិច្ច និងជម្រុញសេដ្ឋកិច្ច ០.២៥% ។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 ក៏បានយល់ព្រមតាមសំណើរបស់ក្រសួងការងារចំនួន ២៣.៤៧ ពាន់លានបាត ដើម្បីជួយនិស្សិតទើបបញ្ចប់ការសិក្សា។ គួរឱ្យដឹងផងដែរថា វិធានការនេះក៏ជាដំណោះស្រាយត្រឹមត្រូវសម្រាប់បញ្ហាអត់ការងារធ្វើ ដែលនិស្សិតទើបបញ្ចប់ការសិក្សាបានប្រឈមមុខ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


