កសិករខេត្តកំពង់ធំ ទទួលបានផលចំណេញកាន់តែច្រើន បន្ទាប់ពីប្រើប្រាស់ដ្រូនកសិកម្មលើដំណាំស្រូវ
សេដ្ឋកិច្ច September 4, 2020 Chan Sreyny

កសិករខេត្តកំពង់ធំ ប្រើប្រាស់ដ្រូនកសិកម្មសម្រាប់ដំណាំស្រូវរបស់ខ្លួន ដោយចំណាយដើមទុនតិច ចំណេញពេលវេលា មិនប៉ះពាល់សុខភាព និងជួយឱ្យការដាំដុះមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោក ខឿន ខួច កសិករខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោយពីមានការណែនាំពីមន្ទីរកសិកម្ម ពីភាពចំណេញនៃការប្រើប្រាស់ដ្រូនលើដំណាំស្រូវ លោកបានចាប់ផ្តើមជួលដ្រូននេះពីមន្ត្រីជំនាញរបស់មន្ទីរ ដើម្បីយកមកប្រើប្រាស់លើផ្ទៃដីជាង ៥០ ហិកតា។ លោកបន្តថា ការប្រើប្រាស់ដ្រូនកសិកម្មនេះ បានសម្រាលការនឿយហត់បានច្រើន ជាពិសេសបានកាត់បន្ថយថវិកា ចំណេញពេលវេលា ចំណេញជី និងថ្នាំព្រមទាំងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។

លោកបញ្ជាក់ថា សម្រាប់ការបាញ់ថ្នាំលើដំណាំស្រូវ ១០ ហិកតាដោយការបង្ហោះដ្រូនចំណាយពេលតែ ៣ ម៉ោងប៉ុណ្ណោះ ខណៈដែលក្នុងរយៈពេលដូចគ្នាការប្រើដោយកម្លាំងមនុស្ស គឺអាចបាញ់ថ្នាំបានតែពី ៣ ទៅ ៤ ហិកតាប៉ុណ្ណោះ។ សម្រាប់ការព្រោះគ្រាប់ស្រូវតាមរយៈដ្រូន ក៏បានចំណេញច្រើនដូចគ្នា ។ លោក ខឿន ខួច និយាយថា « ខ្ញុំប្រើដ្រូននេះជាង ១ ឆ្នាំហើយ ដោយកាលពីមុខក្នុងមួយថ្ងៃខ្ញុំជួលបុគ្គលិកម្នាក់ត្រូវចំណាយពី ៥ ម៉ឺនទៅ ៦ ម៉ឺនរៀលតាមជិតតាមឆ្ងាយ ហើយបើយើងប្រើដ្រូនដឹងថាអស់ ៤ ម៉ឺនរៀលប្រាកដជាធ្វើបានសម្រេចតែម្ដងតាមអ្វីដែលយើងចង់បាន »។

លោកបន្តថា ទោះបីជាយើងជួបបញ្ហាអីក៏យើងអត់ភ័យបារម្ភឡើយ ព្រោះដ្រូននេះបម្រើការងារយើងបានទាន់ពេលវេលា។ ហើយខ្ញុំចាប់ផ្តើមប្រើប្រាស់ដ្រូននេះ ដោយទី១ ខ្ញុំចំណេញពេលវេលា ទី២ ចំណេញថវិកាដោយអត់ប្រើប្រាស់ទៅលើកម្មករដែលចំណាយខ្ជះខ្ជាយ ទី៣ យើងចំណេញថ្នាំ ទី៤ ចំណេញទឹកដោយយើងមិនសូវហត់នឿយលើកម្មករច្រើន ទី៥ មិនប៉ះពាល់ដល់សុខភាពរបស់យើង ហើយស្រូវរបស់យើងពេលប្រើទៅគឺវាខុសពីការបាញ់ដោយមនុស្ស ដោយសារតែការប្រើមនុស្សពេលខ្លះមិនបានសព្វទីកន្លែង ប៉ុន្តែបើយើងប្រើលើដ្រូននេះ គឺវាសព្វល្អ ហើយវាមានតម្លៃសមរម្យជាងយើងប្រើកម្លាំងមនុស្ស។

សូមបញ្ជាក់ផងដែរថា ដ្រូនមិនត្រឹមតែជាឧបករណ៍ពេញនិយមសម្រាប់ការបង្ហោះថតវីដេអូប៉ុណ្ណោះទេ ប៉ុន្តែដ្រូនត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្មផងដែរដូចជា៖ ប្រើលើដំណាំស្រូវ ឪឡឹក ម្រេច ពោត និងដំណាំជាច្រើនទៀត ដែលជួយឱ្យកសិករចំណាយតិច ចំណេញច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន