ការកាត់បន្ថយការងារនៅអាមេរិកកើនឡើងដល់ ២៣១% ក្នុងឆ្នាំ ២០២០
សេដ្ឋកិច្ច September 4, 2020 Chan Sreyny

ការកាត់បន្ថយការងារនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ បានកើនឡើង ២៣១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារជំងឺរាតត្បាត​ Covid-19 បានបំផ្លាញដល់សេដ្ឋកិច្ច នេះបើយោងតាមរបាយការណ៍ថ្មីមួយកាលពីថ្ងៃទី ៣ ខែសីហា។

បើទោះបីជា ល្បឿននៃការបញ្ឈប់ការងារដែលត្រូវបានប្រកាសថយចុះក៏ដោយ ការកាត់បន្ថយចំនួនការងារដែលត្រូវបានប្រកាសដោយនិយោជិកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៅខែសីហា បានកើនឡើងខ្ពស់ជាងកំណត់ត្រាប្រចាំឆ្នាំដែលបានកំណត់កាលពីឆ្នាំ ២០០១ ។ ទិន្នន័យនេះ គឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់នៃស្ថានភាពការងារដ៏អាក្រក់ ដែលបុគ្គលិកអាមេរិកជាច្រើនបានប្រឈមមុខ នៅពេលដែលប្រទេសនេះទទួលរងនូវការផ្ទុះឡើងនូវជំងឺឆ្លងដ៏សាហាវបំផុតនៅលើពិភពលោក។

លោក Andrew Challenger អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនបានមានប្រសាសន៍ថា « វិស័យដែលបានកាត់បន្ថយការងារច្រើនជាងគេកាលពីខែមុន គឺវិស័យដឹកជញ្ជូនពីព្រោះក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមធ្វើការសម្រេចចិត្តកាត់បន្ថយបុគ្គលិក បន្ទាប់ពីមានការថយចុះនៃការធ្វើដំណើរ »។ ខណៈចំនួនក្រុមហ៊ុនកាន់តែច្រើនឡើងៗ ដែលពីដំបូងឡើយពួកគេមានការកាត់បន្ថយការងារបណ្តោះអាសន្ន ឬកាត់បន្ថយប្រាក់ខែ ប៉ុន្តែឥឡូវនេះពួកគេបានបញ្ឈប់ការងារតែម្ដង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការធ្លាក់ចុះនៃតម្រូវការអ្នកដំណើរដែលបណ្តាលមកពីជំងឺរាតត្បាត ហើយផ្នែកដឹកជញ្ជូនបានកាត់បន្ថយការងារចំនួន ១៣១,៥៧១ នៅឆ្នាំនេះ ពោលគឺខ្ពស់ជាងឆ្នាំ ២០១៩ ជិត ៥០០% ។ មន្ទីរការងាររបស់អាមេរិក គ្រោងនឹងប្រកាសអំពីការទាមទារជំនួយថ្មីសម្រាប់អ្នកគ្មានការងារធ្វើ ដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ដែលជាការកើនឡើងដែលមិនធ្លាប់មានពីមុនមក ដែលបាចាប់ផ្ដើមនៅក្នុងខែមីនា នៅពេលដែលការបិទអាជីវកម្មដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។

លើសពីនេះទៅទៀត ប្រជាជនប្រមាណ ២៧ លាននាក់បន្តទទួលបានជំនួយឥតការងាររបស់រដ្ឋាភិបាល នេះបើយោងតាមទិន្នន័យរបស់ក្រសួងការងារចុងក្រោយបង្អស់ ហើយរបាយការណ៍របស់លោក Challenger បានបង្ហាញបន្ថែមទៀតលើស្ថានភាពដែលកំពុងមានភាពច្របូកច្របល់ នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ គួរឱ្យដឹងផងដែរថា កន្លែងកំសាន្ដដូចជា៖ បារ និងភោជនីយដ្ឋានបានបង្ខំចិត្តបិទទ្វារដោយការបញ្ជាឱ្យនៅដាច់ដោយឡែកពីគ្នា។ ការបញ្ឈប់បុគ្គលិកនៅក្នុងវិស័យទាំងនេះ បានកត់ត្រាចំនួនខ្ពស់បំផុតទី២ ដែលត្រូវបានប្រកាសនៅក្នុងខែសីហា និងការកាត់បន្ថយការងារកើនឡើង ៨,១២៨% បើប្រៀបធៀបទៅនឹង ៨ ខែដំបូងនៃឆ្នាំ ២០១៩ ៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost