ក្រសួងទេសចរណ៍បានអះអាងថា អាជីវកម្មសេវាទេសចរណ៍ជាង ៣០% បានបើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកមួយរយៈ ខណៈដែលចលនាភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើង ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី៣ ខែកញ្ញានេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំនាពេលកន្លងមកនេះ ចលនាភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងជាង១លាន៤សែននាក់ បានធ្វើឱ្យអាជីវកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជាជាង ៣០% ត្រូវបានបើកដំណើរការឡើងវិញ ដោយបានជួយសម្រួលដល់ជីវភាព និងការលំបាកនិយោជិត និងបុគ្គលិកកំពុងបម្រើការងារនៅក្នុងវិស័យនេះ។

ឯកឧត្តមបានឱ្យដឹងទៀតថា បើភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងខ្លាំងបែបនេះ វានឹងជម្រុញឱ្យអាជីវកម្មទេសចរណ៍ដទៃទៀតបន្តបើកដំណើរការឡើងវិញផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា « ឥឡូវនេះ ដោយសារចរន្តនៃទេសចរណ៍ផ្ទៃក្នុងជួយបើក ៣០% វិញនៅក្នុងចំណោម ៩០% ដែលបានបិទនិយាយជាលេខមូលមានន័យថា ៣០% បើកឡើងវិញ អ៊ីចឹងនៅសល់ ៦០% ទៀតដែលនៅកំពុងបន្តបិទ។ ហើយក្រសួងកំពុងសិក្សាបន្តទៀតថា បើកម្លាំងទេសចរក្នុងស្រុកនេះមានសន្ទុះកាន់តែកើនឡើង សេវាកម្មទេសចរណ៍ចេះតែបើកបន្តវិញ ហើយអ្នកធ្វើការ និងត្រឡប់មកធ្វើការវិញ។ ឥឡូវនេះគឺត្រឡប់មកវិញជាបណ្តើរៗអ្នកដែល ៣០% បើសភាពការកាន់តែប្រសើរឡើងចំនួនការបើកឡើងវិញកាន់តែទៅមុខ »។

ឯកឧត្តមបន្តថា នៅពេលខាងមុខនេះបើជំងឺ Covid-19 មានវាក់សាំងប្រើប្រាស់យ៉ាងពិតប្រាកដ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដែលធ្វើឱ្យសកម្មភាពសេវាកម្មទេសចរណ៍មានដំណើរល្អប្រសើរឡើងវិញផងដែរ ។ ឯកឧត្តមបានអះអាងថា កាលពីពេលឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីនាពេលកន្លងមកនេះ ក្រសួងបានវាយតម្លៃជាបឋមថា ការចំណាយនៅក្នុងវិស័យទេសចរណ៍ប្រមាណ ១០០ លានដុល្លារអាមេរិកហើយរំពឹងថា នាពេលខាងមុខនេះបើចលនាទេសចរណ៍ផ្ទៃក្នុងកាន់តែច្រើនឡើងបែបនេះ ចំណូលនឹងអាចកើនឡើងរហូតដល់ ៥០០ លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្តបានបង្ហាញថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១,៤៥៩,៣៨៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១,៤៤៥,២៣៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ១៤,១៤៨ នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន


