អត្រាគ្មានការងារធ្វើនៅហ្វីលីពីនឈានដល់ ៤.៦ លាននាក់ក្នុងខែកក្កដា
សេដ្ឋកិច្ច September 3, 2020 Chan Sreyny

យោងតាមទិន្នន័យស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងថា ចំនួនប្រជាជនហ្វីលីពីនដែលគ្មានការងារធ្វើបានឈានដល់ ៤.៦ លាននាក់ក្នុងខែកក្កដា ឆ្នាំ ២០២០ ខណៈប្រទេសនេះកំពុងមានការរីករាលដាលនៃជំងឺ Covid-19 ។

លោក Dennis Mapa អ្នកវិភាគនៅហ្វីលីពីនបាននិយាយថា អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន ក្នុងខែកក្កដា ឆ្នាំ ២០២០ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១០% ដែលនេះជាអត្រាខ្ពស់ជាងអត្រាគ្មានការងារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ ៥.៤% ប៉ុន្តែទាបជាងអត្រា ១៧.៧% ក្នុងខែមេសា ឆ្នាំ ២០២០ ។ លោកបន្ថែមថា ចំនួនប្រជាជនអត់ការងារធ្វើនៅហ្វីលីពីនដែលមានអាយុ ១៥ ឆ្នាំឡើងទៅ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤.៦ លាននាក់ក្នុងខែកក្កដា ឆ្នាំ ២០២០ ដែលកើនឡើងខ្ពស់ជាង ២.២ លាននាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទាបជាង ២.៧ លាននាក់កាលពីពីរបីខែមុនក្នុងឆ្នាំ ២០២០ ។

ទន្ទឹមនឹងនេះ ការរឹតត្បិត​ និងការចាក់សោរប្រទេសបណ្តាលឱ្យមានការថយចុះសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន។ អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន បានធ្លាក់ចុះ ១៦.៥% នៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២០ ដែលជាកំណើនទាបបំផុតប្រចាំត្រីមាសចាប់តាំងពីឆ្នាំ ១៩៨១ ។ គួរឱ្យដឹងផងដែរថា ហ្វីលីពីនមានករណីឆ្លងជំងឺ Covid-19 សរុបចំនួន ២២៦,៤៤០ ករណី ហើយឥឡូវនេះហ្វីលីពីនបានក្លាយទៅជាប្រទេសដែលមានចំនួនអ្នកឆ្លង Covid-19 ច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet