សហរដ្ឋអាមេរិក បន្ថែមរយៈពេលចំពោះការបន្ធូរបន្ថយពន្ធលើទំនិញចិនមួយចំនួន រហូតដល់ដំណាច់ឆ្នាំនេះ
សេដ្ឋកិច្ច September 3, 2020 Chan Sreyny

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាននិយាយកាលពីថ្ងៃពុធ ទី០២ ខែ​កញ្ញាថា ខ្លួនបានបន្ថែមការលើកលែងពន្ធទំនិញចិនជាច្រើនប្រភេទរួមមាន នាឡិកាឆ្លាតវៃ ម៉ាស់វេជ្ជសាស្រ្ត និងឧបករណ៍វេជ្ជសាស្រ្តមួយចំនួនរហូតដល់ចុងឆ្នាំនេះ។ ការលើកលែងរយៈពេលមួយឆ្នាំដំបូងនៃការនាំចូលរបស់ទំនិញចិនទាំងនេះពីពន្ធគយមាត្រា ៣០១ ដែលរដ្ឋាភិបាលអាមេរិកបានកំណត់នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារនេះ ប៉ុន្តែ (USTR) បានពន្យារពេលការដកចំនួន ៤ខែ ចាប់ពីពេលនេះ។

ផលិតផលដែលត្រូវបានបន្ថែមការលើកលែងពន្ធនៅក្នុងបញ្ជីរួមមាន ឧបករណ៍ Bluetooth និង ឧបករណ៍បញ្ជូនទិន្នន័យមួយចំនួនដែលនាំចូលមកពីប្រទេសចិន តែផលិតដោយក្រុមហ៊ុន Apple, FitBit, Sonos និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត។ ជាមួយគ្នានេះការលើកលែងផ្សេងទៀតគឺ ម៉ាស់មួយចំនួន ឧបករណ៍ជំនួយដង្ហើម ឧបករណ៍ពិនិត្យបេះដូង បង់រុំរបួស ឧបករណ៍វាស់សម្ពាធឈាម និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។

ក្រៅពីនេះ ឧបករណ៍ភ្លេងព្យាណូ សារធាតុ liquid crystal display ដែលត្រូវបានប្រើនៅក្នុងឧបករណ៍ឌីជីថល និងនាឡិកាក៏ត្រូវបានលើកលែងពីពន្ធគយរហូតដល់ដំណាច់ឆ្នាំនេះ។ គួរបញ្ជាក់ផងដែរ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Liu He ឧបនាយករដ្ឋមន្រ្តីចិនបានទទួលទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin កាលពីសប្តាហ៍មុន។

ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយលក្ខណៈស្ថាបនាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច និងឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងដំណាក់កាលមួយដែលបានចុះហត្ថលេខាកាលពីខែមករា។ ខណៈជំងឺរាតត្បាត Covid-19 បន្តរាតត្បាតដល់សហរដ្ឋអាមេរិកដែលកំពុងត្រូវការម៉ាស់ ឧបករណ៍ដកដង្ហើម និងឈុតការពារជាបន្ទាន់។

លោក Mei Xinyu អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាសហប្រតិបត្តិការអន្តរជាតិនិងពាណិជ្ជកម្មចិនបាននិយាយថា ដូច្នេះវាអាចយល់បានថាសហរដ្ឋអាមេរិកបានពង្រីកការលើកលែងពន្ធសម្រាប់ការផ្គត់ផ្គង់វេជ្ជសាស្ត្រមួយចំនួនដែលនាំចូលពីប្រទេសចិន។ ដោយឡែកលោក Gao Lingyun អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោកនិងនយោបាយនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា វានឹងមានលក្ខណៈល្អប្រើសរឡើង ប្រសិនបើប្រទេសចិននិងសហរដ្ឋអាមេរិកអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយដោយរលូន។

មិនតែប៉ុណ្ណោះនឹងជម្រុញពាណិជ្ជកម្មទ្វេភាគី បង្កើនទំនុកចិត្តដល់ក្រុមហ៊ុនមកពីភាគីទាំងសងខាង និងជំរុញការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ដែលប្រទេសទាំងពីរគួរតែមានវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយពន្ធគយ និងលុបចោលឧបសគ្គពាណិជ្ជកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ chinadaily