ធនាគារពិភពលោកបាននិយាយថា តំបន់ដីសណ្ដទន្លេមេគង្គដែលជាមជ្ឈមណ្ឌលកសិកម្មរបស់ប្រទេសវៀតណាមត្រូវការថវិកាពី ៤.៧ ទៅ ៦.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១-២០២៥ សម្រាប់គម្រោងឆ្លាតវៃ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ របាយការណ៍ដែលចេញផ្សាយដោយធនាគារកាលពីសប្តាហ៍មុននិយាយថា មានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់ដីសណ្តទន្លេមេគង្គដែលមានផ្ទៃដី ៣.៩៤ លានហិកតា (៩.៧ ហិកតា) និងមានប្រជាជនចំនួន ១៧.៥ លាននាក់ ឬ មួយភាគប្រាំនៃប្រជាជនរបស់ប្រទេសនេះ។
ទោះជាយ៉ាងណារដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន ដែលតំបន់នេះកំពុងជួបប្រទះរួមមាន ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងការទទួលបានទីផ្សារ ការផ្លាស់ប្ដូរនៃការទទួលបានទឹក ការសម្របសម្រួលគ្នារវាងខេត្តខ្សោយ ការបំពុលបរិស្ថាន និងថាមពល ជាពិសេសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

របាយការណ៍បាននិយាយថាតំបន់ដីសណ្តទន្លេមេគង្គត្រូវបានកំណត់ថា ជាតំបន់ដីសណ្តមួយក្នុងពិភពលោកដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ យោងតាមការព្យាករណ៍នៃការប្រែប្រួលអាកាសធាតុឆ្នាំ២០១៦ ដែលចេញដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន ប្រមាណ ៤០% នៃតំបន់នេះត្រូវបានប្រឈមនឹងហានិភ័យនៃការជន់លិចយ៉ាងធ្ងន់ធ្ងរក្រោមលក្ខខណ្ឌបច្ចុប្បន្ន។

នៅឆ្នាំ ២០៥០ ចន្លោះពី ៦០ ទៅ ៧៥% នៃខេត្តមួយចំនួនក្នុងតំបន់អាចនឹងត្រូវលិចលង់ ខណៈរបបទឹកភ្លៀង និងការឡើងកម្រិតជាតិប្រៃចូលទៅក្នុងប្រភពទឹកក្រោមដីក៏នឹងធ្វើឱ្យការផ្គត់ផ្គង់ទឹកសាបក្នុងស្រុកមិនទៀងទាត់ផងដែរ។ លើសពីនេះទៀតហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវប្រឈមនឹងការកើនឡើងនៃព្យុះត្រូពិក ការកើនឡើងនៃកំពស់ទឹកសមុទ្រក្នុងរយៈពេលវែង និងទឹកជំនន់ហូរហៀរ។ យ៉ាងណាមិញអ្នកជំនាញមកពីធនាគារពិភពលោកជំរុញឱ្យប្រទេសវៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយ និងការវិនិយោគឱ្យបានល្អប្រសើរដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់លក្ខខណ្ឌធម្មជាតិ ដែលកំណត់តំបន់ដីសណ្តនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៣១០ លានដុល្លារដើម្បីជួយប្រទេសវៀតណាម ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាបាននូវជីវភាពរស់នៅប្រកបដោយនិរន្តរភាពរបស់ប្រជាជនក្នុងតំបន់ដីសណ្ត។ ដោយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដីសណ្ដ គឺជាកន្លែងដែលគេដាក់នាមឲ្យថា ជាជង្រុកស្រូវ និងវារីវប្បកម្មរបស់ប្រទេសវៀតណាម ដែលមិនត្រឹមតែបំពេញតម្រូវការស្បៀងអាហាររបស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ការនាំចេញទៀតផង៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress


