លោក ដូណាល់ ត្រាំ ប្រកាសថាលោកនឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលកំពុងជួបការលំបាកក្នុងវិបត្តិកូវីដ
សេដ្ឋកិច្ច September 2, 2020 Chan Sreyny

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីម្សិលមិញថា រដ្ឋបាលរបស់លោកនឹងជួយក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍អ្នកដំណើរ ដែលបណ្ដាលមកពីឆ្លងរីករាលដាលនៃវីរុស Covid-19 ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតទេ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ទីក្រុង Kenosha រដ្ឋ Wisconsin ថា៖ «យើងនឹងជួយក្រុមហ៊ុនអាកាសចរណ៍ អ្នកត្រូវតែជួយក្រុមហ៊ុនអាកាសចរណ៍ ខណៈក្រុមហ៊ុនអកាសចរណ៍គឺ ជាអាជីវកម្មដ៏លំបាកដែលខំប្រឹងតស៊ូនៅក្នុងវិបត្តិនេះ »។ បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីរូបនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍បានកើនឡើង តែមួយចំនួនក៏បានធ្លាក់ចុះវិញ ដោយក្រុមហ៊ុន American Airlines បានកើនឡើង ១.៥% ខណៈក្រុមហ៊ុនអាកាសចរណ៍ United Airlines បានកើនឡើង ០.៥% នៅក្នុងការធ្វើជួញដូរពេលរសៀល។

ប្រធានបុគ្គលិកសេតវិមានលោក Mark Meadows កាលពីសប្តាហ៍មុនបាននិយាយថា លោក Trump កំពុងថ្លឹងថ្លែងពីសកម្មភាពប្រតិបត្តិ ដើម្បីចៀសវាងការបញ្ឈប់ការងារយ៉ាងច្រើននៅតាមក្រុមហ៊ុនអាកាសចរណ៍ប្រសិនបើសភាខកខានមិនបានយល់ព្រមលើកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី។ ខណៈក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរនៅតែខាតបង់ជារួមប្រមាណជាង ៥ ពាន់លានដុល្លារក្នុងមួយខែ ហើយយន្ដហោះ ៣០% នៅតែចតចោល។ លើសពីនេះតម្រូវការធ្វើដំណើររបស់អ្នកដំណើរនៅតែធ្លាក់ចុះប្រហែល ៧០% ហើយជាមធ្យមយន្តហោះផ្ទុកអ្នកដំណើរបានតែពាក់កណ្ដាលប៉ុណ្ណោះគឺពេញបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនក្រុមហ៊ុន American Airlines បាននិយាយថា កម្លាំងពលកម្មរបស់ខ្លួននឹងថយចុះចំនួន ៤ ម៉ឺននាក់ ក្នុងនោះមានការកាត់បន្ថយចំនួន ១៩,០០០ នាក់ ដោយមិនស្ម័គ្រចិត្តនៅក្នុងខែតុលា លើកលែងតែរដ្ឋាភិបាលពង្រីកជំនួយសម្រាប់ប្រាក់ខែបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia