ប្រទេសអូស្ត្រាលី បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៩១ បន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសទី២ ខណៈប្រទេសនេះកំពុងមានការឆ្លងរាតត្បាតពីជំងឺ Covid-19 ។
ការិយាល័យស្ថិតិអូស្រ្តាលីបាននិយាយថា នេះជាការធ្លាក់ចុះយ៉ាងលឿនបំផុតប្រចាំត្រីមាសលើកំណត់ត្រា និងបញ្ចប់នូវកំណើនសេដ្ឋកិច្ចរយៈពេល ៣ ទសវត្សដែលលើសពិការរំពឹងទុក។ ប្រធានការិយាល័យគណនេយ្យជាតិអូស្ត្រាលីលោក Michael Smedes បាននិយាយថា កិច្ចប្រឹងប្រែងទប់ស្កាត់នៃជំងឺរាតត្បាតនេះ បានធ្វើឱ្យមានការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកហួសពីកំណត់ត្រាមុនៗ។ វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ថាជាការធ្លាក់ចុះ ២ ត្រីមាសជាប់គ្នា ដោយសេដ្ឋកិច្ចអូស្រ្តាលីបានធ្លាក់ចុះ ០.៣% ក្នុងរយៈពេល ៣ ខែមុន។

លោក Smedes បាននិយាយថា « ត្រីមាសនៅខែមិថុនា មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការចំណាយរបស់អតិថិជនទៅលើសេវាកម្ម ខណៈអតិថិជនបានផ្លាស់ប្តូរអាកប្បកិរិយា និងការរឹតត្បិតរបស់ពួកគេត្រូវបានដាក់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ »។ តួលេខបានបង្ហាញថា ការធ្វើពាណិជ្ជកម្មបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងត្រីមាសនេះ ដោយការនាំចូលទំនិញធ្លាក់ចុះ ២.៤% និងការនាំចេញសេវាកម្មធ្លាក់ចុះ ១៨.៤% ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចពីជំងឺរាតត្បាត។ ការបិទទ្វារដោយបង្ខំរបស់អូស្រ្តាលីនៅដើមឆ្នាំនេះ បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយការបិទទ្វារនាពេលបច្ចុប្បន្នរបស់ប្រជាជន ៥ លាននាក់នៅក្នុងទីក្រុង Melbourne បានបង្កបញ្ហាជាច្រើន។ រដ្ឋាភិបាលអូស្ត្រាលី កាលពីខែកក្កដា បានព្យាករណ៍ថា នឹងមានការវិលត្រឡប់ទៅរកកំណើនវិញនៅត្រីមាសទី៣ ដោយសារការរឹតបន្តឹងនៃជំងឺរាតត្បាតត្រូវបានបន្ថូរបន្ថយ។ ប៉ុន្តែការបិទអាជីវកម្មសំខាន់ៗនៅទីក្រុង Melbourne ដែលជាទីក្រុងធំទី២ របស់ប្រទេសនេះបានរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

អូស្ត្រាលី បានព្យាករណ៍ថា ភាពគ្មានការងារធ្វើរបស់ជាតិនឹងកើនឡើងដល់ ៩.៣% នៅក្នុងខែធ្នូ ហើយឱនភាពថវិកានឹងហក់ដល់ស្ទើរតែ ១/១០ នៃផលិតផលក្នុងស្រុកសរុបនៅពាក់កណ្តាលឆ្នាំ ២០២១ ។ គួរឱ្យដឹងផងដែរថា ប្រទេសនេះបានរងគ្រោះពីការរាំងស្ងួតដែលអូសបន្លាយពេលរួចទៅហើយ និងភ្លើងឆេះព្រៃដ៏ធំដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុនពេលជំងឺរាតត្បាតនេះបានវាយប្រហារ៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


