ឱកាសមាសឱកាសប្រាក់សម្រាប់បណ្ដាប្រទេសអាស៊ាន ខណៈប្រទេសកំពូលសេដ្ឋកិច្ចទាំង ៣ នេះ នឹងបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន
សេដ្ឋកិច្ច September 1, 2020 Chan Sreyny

ប្រទេសជប៉ុន អូស្រ្តាលី និងឥណ្ឌា មានបំណងបង្កើតបណ្ដាញផ្គត់ផ្គង់សម្រាប់ផលិតផល និងគ្រឿង​បន្លាស់ដោយមានការចូលរួមពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីសម្រួលដល់ការពឹងផ្អែកលើប្រទេសចិន។ ប្រទេសទាំងបីមានបំណងលើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេ ដោយការទាញយកផលប្រយោជន៍ពីភាពខ្លាំងរបស់ពួកគេរួមមាន៖ សមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ជប៉ុន ធនធានច្រើនរបស់អូស្រ្តាលី ធនធានមនុស្សរបស់ឥណ្ឌានៅក្នុងបច្ចេកវិទ្យាព័ត៌មាន។

ផែនការនេះត្រូវបានរំពឹងថា នឹងកាត់បន្ថយហានិភ័យសន្តិសុខតាមរយៈ​ការអំពាវនាវឲ្យប្រទេសជប៉ុន ឥណ្ឌា និងអូស្រ្តាលី ក៏ដូចជា រដ្ឋជាសមាជិកអាស៊ាន ធ្វើពិពិធកម្មប្រភពផលិតកម្ម និងលទ្ធកម្មរបស់ពួកគេដែលពឹងផ្អែកលើប្រទេសដែលជាក់លាក់ និងមានសេដ្ឋកិច្ចធំៗដូចជា​ប្រទេសចិនជាដើម។ មិនតែប៉ុណ្ណោះក៏មានគោលបំណងមួយទៀតដែរពោលគឺ ដើម្បីកាត់បន្ថយហានិភ័យដែលការនាំចេញ និងនាំចូលនឹងត្រូវផ្អាកនៅពេលដែលជំងឺឆ្លងរីករាលដាល។

ជាក់ស្ដែងបន្ទាប់ពីមានការផ្ទុះឡើងនូវវីរុស Covid-19 ការនាំចូលគ្រឿងបន្លាស់ និងអគ្គិសនីភាគច្រើនមកពីប្រទេសចិនត្រូវបានផ្អាក ហើយការផ្អាកនេះប៉ះពាល់ដល់សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន អូស្រ្តាលី និងឥណ្ឌា។ បន្ថែមពីនេះនៅពេលដែលការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្ត្ររួមទាំងម៉ាស់ ត្រូវបានបង្អាក់ផងដែរ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីបានក្លាយជាបញ្ហា ដែលបណ្ដាលមកពីការដាក់វិធានការណ៍ប្រឆាំងនឹងវីរុស។

សម្រាប់ប្រទេសជប៉ុនដែលខ្វះខាតធនធាន និងថ្លៃដើមកម្លាំងពលកម្មខ្ពស់ គឺចាំបាច់ណាស់ដែលត្រូវមានបណ្ដាញផ្គត់ផ្គង់អន្តរជាតិសម្រាប់ផលិតផលជាច្រើន។ រដ្ឋមន្រ្តីជប៉ុន អូស្រ្តាលី និងឥណ្ឌាទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចបានរំពឹងថា នឹងធ្វើកិច្ចពិភាក្សាឆាប់ៗនេះដើម្បីចងក្រងសេចក្តីថ្លែងការណ៍រួមមួយ ដែលនឹងបញ្ចូលផែនការនេះ។ លើសពីនេះប្រទេសទាំងបីមានបំណងជំរុញឱ្យប្រទេសជាសមាជិកអាស៊ានចូលរួមក្នុងគំនិតផ្តួចផ្តើម និងចាប់ផ្តើមការពិភាក្សាដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីប្រទេសចូលរួមនីមួយៗបង្កើតក្រុមប្រឹក្សាសម្រាប់បញ្ហានេះនៅចុងឆ្នាំនេះ។

ដោយជាជំហ៊ានដំបូង ប្រទេសទាំងបីនឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដែលពួកគេបានចាប់ផ្តើមរួចហើយដូចជា គម្រោងរវាងជប៉ុន និងឥណ្ឌាដើម្បីអភិវឌ្ឍសួនឧស្សាហកម្ម ជំរុញធនធានមនុស្សសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងកាត់បន្ថយថ្លៃដើមដឹកជញ្ចូន​។ បន្ថែមពីនេះតាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុជាតិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននៅក្នុងវិស័យផ្សេងៗ ប្រទេសទាំងបី និងអាស៊ាន នឹងមានគោលបំណងពង្រឹងបណ្តាញផ្គត់ផ្គង់ទាំងមូលរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand