ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម (DES) របស់ថៃគ្រោងនឹងផ្ដល់នូវ Wifi ឥតគិតថ្លៃតាមតំបន់នៅក្នុងទីក្រុង និងតាមបណ្ដាខេត្តដោយចាប់ផ្តើមក្នុងតំបន់ចំនួន ១០ ចាប់ពីថ្ងៃទី ១ ខែតុលា។
ក្រុមហ៊ុនទូរគមនាគមន៍ CAT របស់ថៃ នឹងទទួលខុសត្រូវក្នុងការរៀបចំសេវាកម្ម ដែលនឹងផ្តោតលើតំបន់ចំនួន ៥ នៅទីក្រុងបាងកក និង ៥ កន្លែងទៀតនៅតាមខេត្ត។ គ្រោងការណ៍នេះ នឹងផ្តល់អ៉ីនធឺណិតក្នុងល្បឿន ៣០០ មេហ្គាបៃក្នុងមួយវិនាទីសម្រាប់ទាញយក និង ១០០ មេហ្គាបៃសម្រាប់ផ្ទុក។ កម្មវិធីនេះ មានគោលបំណងធ្វើឱ្យប្រជាជននៅតាមតំបន់អាចប្រើប្រាស់ប្រព័ន្ធ WiFi សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសនៅក្នុងរយៈពេលក្រោយការរាតត្បាតនៃជំងឺ Covid-19 ។

រដ្ឋមន្រ្តីក្រសួង DES លោក Buddhipongse Punnkanta បានមានប្រសាសន៍ថា ក្រសួងចង់ផ្តល់ជូនប្រជាជននូវសេវាកម្មអ៉ីនធឺណេតដោយឥតគិតថ្លៃ ដើម្បីអនុញ្ញាតឱ្យពួកគេអាចទប់ទល់នឹងការលំបាកក្នុងការធ្វើជំនួញ និងក្នុងជីវិតប្រចាំថ្ងៃនៅក្នុងយុគសម័យឌីជីថល។ លោកបាននិយាយថា CAT និងក្រសួង DES បានពិនិត្យមើលតំបន់ចំនួន ២០ សម្រាប់គម្រោងនេះ។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ទាំងអស់អាចត្រូវបានធានាពីសុវត្ថិភាពអ៉ីនធឺណេត នៅពេលចូលប្រើសេវា Wifi ឥតគិតថ្លៃ ដោយគោលការណ៍ណែនាំរបស់ក្រុមហ៊ុនទូរគមនាគមន៍ CAT ។ ប្រជាជនថៃអាចចូលប្រើ Wifi ឥតគិតថ្លៃនៅទីតាំងសហគមន៍ដូចជា៖ វិទ្យាស្ថានអប់រំ កន្លែងផ្តល់សេវារដ្ឋាភិបាល និងស្ថានីយ៍រថយន្តក្រុង ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរនៅទូទាំងប្រទេស។ គួរឱ្យដឹងផងដែរថា ដំណាក់កាលដំបូងនៃសេវា Wifi សាធារណៈឥតគិតថ្លៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយមានមនុស្សប្រមាណ ៩០០,០០០ នាក់បានចុះឈ្មោះនៅក្រោមគ្រោងការណ៍នេះ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


