យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា កសិដ្ឋានទឹកដោះគោថ្មីមួយនៅខេត្តតាកែវ នឹងចាប់ផ្ដើមផលិតពេញលេញនៅចុងឆ្នាំ២០២០ ដែលនឹងចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលទឹកដោះគោពីបរទេស។
កសិដ្ឋានចិញ្ចឹមគោដែលមានតម្លៃ ១៥ លានដុល្លារអាមេរិកត្រូវបានវិនិយោគដោយក្រុមហ៊ុន Khmer Fresh Milk Co. , Ltd លើផ្ទៃដីជាង ៣០០ ហិកតានៅស្រុកបាទី ខេត្តតាកែវ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កសិដ្ឋានដែលមានឈ្មោះថា គីរីសួ (Kirisu) កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុនលើផលិតផលទឹកដោះគោនេះ។

លោកបានមានប្រសាសន៍ថា ការវិនិយោគនេះនឹងចូលរួមចំណែកផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុក និងលើកកម្ពស់ដំណើរការកែច្នៃក្នុងស្រុក។ មិនតែប៉ុណ្ណោះក៏នាំមកនូវបច្ចេកវិទ្យាទំនើបនៅក្នុងខ្សែសង្វាក់ផលិតកម្មទឹកដោះគោពីបរទេសមកកម្ពុជាដម្បីបង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងអាហារូបត្ថម្ភ។

យោងតាមក្រុមហ៊ុន បច្ចុប្បន្ននេះកសិដ្ឋានកំពុងចាប់ផ្តើមផលិតទឹកដោះគោស្រស់ចំនួន ៦,០០០ លីត្រក្នុងមួយថ្ងៃ ហើយវានឹងឈានដល់ការផលិតបានចំនួន ១០,០០០ លីត្រក្នុងមួយថ្ងៃនៅចុងឆ្នាំនេះ។ ខណៈក្រុមហ៊ុនបាននាំចូលគោទឹកដោះគោប្រហែល ៥៥០ក្បាល ពីប្រទេសអូស្ត្រាលី ហើយចិញ្ចឹមនៅកសិដ្ឋានសម្រាប់ផលិតទឹកដោះគោ៕

ប្រភព៖ ក្រសួងព័ត៌មាន


