យោងតាមលោក Boon Vanasin មកពីមន្ទីពេទ្យ Thonburi Healthcare Group នៅប្រទេសថៃបានឱ្យដឹងថា ក្រុមមន្រ្តីថៃកំពុងពិចារណាលើការណែនាំនៃការស្នាក់នៅរយៈពេលវែង ដែលអាចឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅក្នុងប្រទេសថៃរហូតដល់ទៅ ៩ ខែ។
រាល់ការមកដល់ត្រូវចំណាយពេល ១៤ ថ្ងៃនៅក្នុងកន្លែងដាច់ដោយឡែកមួយនៅភូកេត (ឬទីតាំងផ្សេងទៀតប្រសិនបើភូកេតទទួលបានភ្ញៀវទេសចរលើសកម្រិត) និងឆ្លងកាត់ការធ្វើតេស្ត Covid-19 ជាច្រើនដង។ ប៉ុន្តែប្រសិនបើពួកគេមានបំណងធ្វើដំណើរហួសកោះភូកេតនោះ ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃទៀតនឹងត្រូវបានបន្ថែម។ ប្រសិនបើពួកគេធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីការនៅដាច់ដោយឡែកអស់រយៈពេល ២១ ថ្ងៃពួកគេអាចធ្វើដំណើរជុំវិញប្រទេសថៃដោយសេរី។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Traisulee Traisoranakul បានបញ្ជាក់ថា គម្រោងនេះត្រូវបានទទួលស្គាល់កាលពីសប្តាហ៍មុន ប៉ុន្តែព័ត៌មានលម្អិតនៅមិនទាន់ដំណើរការនៅឡើយទេ ហើយក៏គ្មានអ្វីត្រូវបានបញ្ជាក់ផងដែរ។ ខណៈសេដ្ឋកិច្ច និងឧស្សាហកម្មទេសចរណ៍របស់ថៃ ត្រូវបានបំផ្លាញនៅគ្រប់ទីកន្លែងដែលមានទីតាំងមួយចំនួនដូចជា៖ ភូកេត កោះសាមុយ និងប៉ាតាយ៉ាដែលស្ទើរតែពឹងផ្អែកទាំងស្រុងលើពាណិជ្ជកម្មទេសចរណ៍។ រដ្ឋាភិបាលនៅតែបន្តនិយាយថា ពួកគេនៅតែមានការប្រុងប្រយ័ត្នក្នុងការបើកទ្វារសម្រាប់ភ្ញៀវទេសចរ ជាពិសេសមានបញ្ហាដូចអារូបានៅការ៉ាប៊ីន កោះម៉ាល់ឌីវ និងអេស្បា៉ញដែលមានការកើនឡើងករណីឆ្លងថ្មីបន្ទាប់ពីបានបើកច្រកទ្វារសម្រាប់ភ្ញៀវទេសចរ។

លើសពីនេះទៅទៀត ប្រសិនបើផែនការចុងក្រោយដំណើរការទៅមុខ ថៃនឹងបើកសម្រាប់ភ្ញៀវអឺរ៉ុបដែលមកលេងតាមជើងហោះហើរពិសេសពីប្រទេសអាល្លឺម៉ង់ និងស៊ុយអែត។ ដោយឱ្យពួកគេនៅកន្លែងដាច់ដោយឡែក ធ្វើតេស្ដជំងឺ Covid-19 និងឯកសារផ្សេងៗ។ Thonburi Healthcare Group និយាយថាខ្លួនគ្រោងនឹងចាប់ដៃគូជាមួយសណ្ឋាគារ ដើម្បីផ្តល់ជូនទាំងកន្លែងដាក់ដាច់ដោយឡែក និងជម្រើសកន្លែងស្នាក់នៅរយៈពេលយូរ។ ក្រុមហ៊ុន Thai Airway ក៏បានប្រកាសរួចហើយថា ខ្លួននឹងប្រតិបត្តិការជើងហោះហើរត្រង់មួយចំនួនទៅកាន់ភូកេតពីប្រទេសមួយចំនួនដូចជា៖ អាឡឺម៉ង់ ដាណឺម៉ាក និងចក្រភពអង់គ្លេស។ ដោយពួកគេគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ប៉ុន្តែបញ្ហាស្តាររចនាសម្ព័ន្ធ និងក្ស័យធនរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះពិបាកក្នុងស្ដារឡើងវិញ។

ប្រធានសមាគមទេសចរណ៍ភូកេតលោក Bhummikitti Ruktaengam មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ភូកេតត្រូវការតម្រូវការពីបរទេសដើម្បីស្ទុះងើបឡើងវិញ ប៉ុន្តែយើងក៏ត្រូវថ្លឹងថ្លែងនឹងហានិភ័យនៃការឆ្លងជំងឺរាតត្បាត និងសេដ្ឋកិច្ចផងដែរ។ នាយករដ្ឋមន្រ្តីថៃក៏បានយល់ស្របផងដែរ ដោយលោកបាននិយាយថា ផែនការអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសនឹងវិលត្រឡប់មកវិញនឹងត្រូវបានសាកល្បងយ៉ាងប្រុងប្រយ័ត្នជាមុន ដោយលោកយល់ពីតម្រូវការដើម្បីធ្វើឱ្យទេសចរណ៍អន្តរជាតិមានភាពរស់រឡើងវិញ៕
អត្ថបទ៖ នីតា
ប្រភព៖ thethaiger


