ថៃ​ជឿជាក់ថាតម្រូវការដំឡូងមីក្រៀមរបស់ខ្លួននឹងកើនឡើងក្នុងពេលឆាប់ៗនេះ ខណៈចិនកំពុងត្រូវការខ្លាំង
សេដ្ឋកិច្ច August 31, 2020 Chan Sreyny

យោងតាមលោក Boonchai Srichaiyongpanich ប្រធានសមាគមពាណិជ្ជកម្មថៃបានឱ្យដឹងថា តម្រូវការដំឡូងមីក្រៀមនឹងកើនឡើងឆាប់ៗនេះ ដោយសារប្រទេសចិនកំពុងត្រូវការស្តុកដំឡូងមីពី ២០០ ទៅ ៣០០ លានតោនសម្រាប់ផលិតគ្រឿងស្រវឹង។

លោក Boonchai បាននិយាយថា « យើងប៉ាន់ស្មានថា ចិននឹងមានដំឡូងមីក្រៀមតែ ៥០ លានតោនប៉ុណ្ណោះនៅសល់ក្នុងស្តុក ហើយនឹងមានការនាំចូលយ៉ាងច្រើនពីប្រទេសថៃ »។ « ដោយអាចជួយជម្រុញតម្លៃដំឡូងមីស្រស់ពីតម្លៃតក្រោម ២ បាតក្នុងមួយគីឡូក្រាមដល់ ២.៥ បាតក្នុងមួយគីឡូក្រាម »។ លោក Boonchai បានបន្ថែមទៀតថា មូលហេតុដែលបណ្តាលឱ្យមានបញ្ហានេះ គឺដោយសារការឡើងថ្លៃពោតសម្រាប់ធ្វើចំណីសត្វ ដូច្នេះហើយបានជាចិនប្រើប្រាស់ដំឡូងមីក្រៀមសម្រាប់ផលិតគ្រឿងស្រវឹង។ លោកបានបន្ថែមថា « ឥឡូវនេះពោតមានតម្លៃថ្លៃជាង ដែលនេះគួរតែជាឪកាសដ៏អស្ចារ្យមួយសម្រាប់កសិករដាំដំឡូងមីចូលទីផ្សារចិន »។

ទន្ទឹមនឹងនេះ ការនាំចេញដំឡូងមីគឺនៅក្នុងឆ្នាំកន្លងទៅមានចំនួនត្រឹមតែ ២.៩ លានតោនប៉ុណ្ណោះ ខណៈដែលការនាំចេញពីមុនមានចំនួនជាមធ្យមប្រហែល ៧ លានតោន។ លោក Boonchai បានបន្ថែមថា « កសិករដាំដំឡូងមីរបស់ថៃបានទទួលរងទុក្ខដោយសារកត្តាជំងឺ និងបញ្ហាគ្រោះរាំងស្ងួតកាលពីដើមឆ្នាំដែលអាចផ្តល់លទ្ធផលទាបជាងឆ្នាំមុន »។ គួរឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០២០-២១ ផ្ទៃដីដាំដំឡូងមីរបស់ប្រទេសថៃមានចំនួន ១,៤១៥ ហិកតា ពោលគឺកើនឡើង ១.២% បើធៀបនឹងឆ្នាំមុនជាមួយនឹងការប៉ាន់ស្មានទិន្នផលសរុបចំនួន ២៩.៩ លានតោនកើនឡើង ៤.៨៣% ក្នុងមួយហិកតា៕

អត្ថបទ៖​ នីតា
ប្រភព៖ nationthailand