ផលិតផលក្នុងស្រុកសរុបរបស់បារាំងធ្លាក់ចុះ ១៣.៨% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយសារផលប៉ះពាល់នៃវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19
សេដ្ឋកិច្ច August 31, 2020 Chan Sreyny

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបារាំង បានធ្លាក់ចុះ ១៣.៨% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះដោយសារតែផលប៉ះពាល់នៃវិធានការទប់ស្កាត់ការពារការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមវិទ្យាស្ថានស្ថិតិរបស់បារាំង INSEE បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា។

INSEE បាននិយាយថា « ការធ្លាក់ចុះនៃ GDP ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ ឆ្លុះបញ្ចាំងពីការបិទសកម្មភាពមិនសំខាន់នៅក្នុងបរិបទនៃការបិទទ្វារ ដែលបានអនុវត្តនៅពាក់កណ្តាលខែមីនា និងដើមខែឧសភា»។ សេដ្ឋកិច្ចរបស់បារាំងបានធ្លាក់ចុះ ៥.៩% នៅក្នុងត្រីមាសទី១ និង ០.២% នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្រោយសង្គ្រាមដ៏អាក្រក់បំផុត។

ទន្ទឹមនឹងនេះ INSEE ក៏បានកត់សម្គាល់ផងដែរថា ការដកកម្រិតនៃការរឹតត្បិតលើជំងឺ Covid-19 បានជម្រុញឱ្យមានការងើបឡើងវិញជាបណ្តើរៗនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខែឧសភា និងមិថុនា។ នៅក្នុងត្រីមាសទី២ ការចំណាយក្នុងគ្រួសារដែលជាកម្លាំងជម្រុញដ៏សំខាន់មួយរបស់បារាំង បានធ្លាក់ចុះ ១១.៥% ដែលភាគច្រើនដោយសារតែការធ្លាក់ចុះសេវាកម្ម និងផលិតផលដែលត្រូវបានផលិត ដោយសារតែការប្រឆាំងនឹងជំងឺរាតត្បាតបានធ្វើឱ្យហាងនានាបិទទ្វារ ហើយអតិថិជនត្រូវបានតម្រូវឱ្យនៅក្នុងផ្ទះ។

លើសពីនេះទៅទៀត ការនាំចេញបានធ្លាក់ចុះ ២៥% នៅក្នុងត្រីមាសទី២ បន្ទាប់ពីការធ្លាក់ចុះ ៦% នៅក្នុងត្រីមាសទី១ ចំណែកឯការនាំចូលដែលបានធ្លាក់ចុះ ១៦.៤% បន្ទាប់ពីការធ្លាក់ចុះ ៥.៦% ។ ឱនភាពសាធារណៈបានកើនឡើង ៦.៤% ដល់ ១១.៦% នៃ​ GDP ។ INSEE បានសន្មត់ថា ការធ្លាក់ចុះនេះដោយសារការធ្លាក់ចុះប្រាក់ចំណូលចំនួន ៩.៣% ដោយសារសកម្មភាពសេដ្ឋកិច្ចថយចុះ ដែលធ្វើឱ្យចំណូលពន្ធអាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលទាប។ ចំពោះគម្លាតថវិកាពេញមួយឆ្នាំរដ្ឋាភិបាលបារាំងរំពឹងថា ឱនភាពនឹងមានដល់ ១១.៤% នៃ GDP ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្រោយសង្គ្រាម៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet