ក្រុម​ហ៊ុន​ដ៏ធំរបស់សាធារណរដ្ឋកូរ៉េ គ្រោងបេីករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យនៅប្រទេសកម្ពុជា
សេដ្ឋកិច្ច August 29, 2020 Chan Sreyny

ក្រុម​ហ៊ុន​ដ៏ធំរបស់សាធារណរដ្ឋកូរ៉េ គ្រោងបេីករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យនៅប្រទេសកម្ពុជា នេះបើយោងតាមមន្រ្តីស្ថានទូតខ្មែរប្រចាំសាធារណដ្ឋកូរ៉េ។

មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋកូរ៉េបាន​ឱ្យ​ដឹង​ថា​ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជាជូនប្រតិភូក្រុមហ៊ុន People &Person ដឹកនាំដោយលោក Lee Jinho ប្រធានក្រុមហ៊ុន ដែលបាននឹងកំពុងមមាញឹកផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខារពេទ្យថ្មីៗបន្ថែមទៀត ដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប។​

មន្ត្រី​ដដែល​បាន​បន្ត​ថា​ ការអូសទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រជាជននៃប្រទេសយើងផងដែរ។ ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុនក៏នឹងត្រៀមចេញទៅប្រទេសកម្ពុជាដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឲ្យស្ថាប័នជាតិពាក់ព័ន្ធផ្ដល់នូវកិច្ចសហការផ្សេងៗ៕

ប្រភព៖ ក្រសួងព័ត៌មាន