ឡាវទំនងជាខាតបង់ប្រាក់ចំណូលជាង ៤៨៣ លានដុល្លារពីការនាំចេញ ដោយសារការវាយប្រហារនៃជំងឺ Covid-19
សេដ្ឋកិច្ច August 29, 2020 Chan Sreyny

ប្រទេសឡាវ ទំនងជានឹងខាតបង់ថវិកាប្រហែល ៤៨៣.៣ លានដុល្លារនៃប្រាក់ចំណូលដែលបានមកពីការនាំចេញរបស់ខ្លួន ឬ ស្មើនឹង​ ៨.៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដោយសារការាតត្បាតនៃជំងឺ Covid-19 ។

យោងតាមក្រសួងឧស្សាហកម្ម​ និងពាណិជ្ជកម្មឡាវបានឲ្យដឹងថា រដ្ឋាភិបាលឡាវបានកំណត់គោលដៅបង្កើនការនាំចេញដល់ ៦,៤២២ លានដុល្លារ ប៉ុន្តែការនាំចេញរបស់ឡាវក្នុងរយៈពេល ៧ ខែដំបូងនេះមានចំនួន ២,៣១៦ លានដុល្លារ។ តម្លៃនៃការនាំចេញក្នុងខែកក្កដា គឺល្អប្រសើរបើប្រៀបធៀបនឹងខែមីនា មេសា ឧសភា និងមិថុនា នៅពេលដែលរដ្ឋាភិបាលឡាវបានចាប់ផ្តើមចាត់វិធានការ ដើម្បីបើកអាជីវកម្មឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 ។

ទន្ទឹមនឹងនេះ ប្រទេសឡាវនៅតែប្រឈមនឹងឱនភាពពាណិជ្ជកម្មដ៏ធំមួយ ខណៈក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលពីការនាំចេញរបស់ឡាវមានចំនួន ៤១០ លានដុល្លារ។ ជាក់ស្ដែងក្នុងខែកុម្ភៈមានចំនួន ៣៩១ លានដុល្លារ និង ៣៤៣ លានដុល្លារនៅខែមីនា។ ដោយឡែកក្នុងខែមេសាការនាំចេញមានចំនួន ២០៩លានដុល្លារ ដែលកើនឡើងដល់ ២៦៤ លានដុល្លារក្នុងខែឧសភា ៣៣៧ លានដុល្លារក្នុងខែមិថុនា និង ៣៧២ លានដុល្លារក្នុងខែកក្កដា។ តួលេខទាំងនេះមិនឆ្លុះបញ្ចាំងពីប្រាក់ចំណូលពីការនាំចេញនៃបណ្ដាញអគ្គិសនីទេ។

សូមបញ្ជាក់ថាការនាំចេញសំខាន់ៗរួមមាន៖ រ៉ែ ទង់ដែង និងផលិតផលស្ពាន់ ចេក ចង្រ្កាន ឈើ និងអេតចាយ ក្រដាស ស៊ុមកាមេរ៉ា និងគ្រឿងបន្លាស់ និងភេសជ្ជៈ រួមទាំងទឹកផងដែរ។ ក្រៅពីនេះឡាវក៏នាំចេញមាសដុំ មាសចម្រុះ សម្លៀកបំពាក់ ឧបករណ៍អគ្គិសនី និងឧបករណ៍ពាក់ព័ន្ធ និងកៅស៊ូ។ ខណៈប្រទេសចិននៅតែជាគោលដៅនាំចេញធំជាងគេសម្រាប់ប្រទេសឡាវ បន្ទាប់មកគឺវៀតណាម និងថៃ។​ គួរឱ្យដឹងផងដែរថា នៅពេលដែលជំងឺ Covid-19 បានរីករាលដាលនៅក្នុងប្រទេសឡាវនៅដើមឆ្នាំនេះ ជាពិសេសចាប់ពីខែមេសា ដល់ដើមខែឧសភា រដ្ឋាភិបាលបានបញ្ជាឱ្យរោងចក្រនានាបញ្ឈប់ប្រតិបត្តិការ ដែលនាំឱ្យជះឥទ្ធិពលទាំងអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែង៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet