និស្សិតដែលរងការវាយប្រហារដោយវីរុស Covid-19 នៅដាណាង ទទួលបានផលិតផលវេជ្ជសាស្រ្ត និងស្បៀងអាហារដោយឥតគិតថ្លៃ
សេដ្ឋកិច្ច August 29, 2020 Chan Sreyny

សមាគមនិស្សិតវៀណាមនៅកណ្ដាលទីក្រុងដាណាង បានចាប់ផ្ដើមកម្មវិធីជំនួយដើម្បីជួយនិស្សិតនៃមហាវិទ្យាល័យទាំងក្នុង និងក្រៅតំបន់ដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ទទួលបាននូវរាល់តម្រូការចាំបាច់ប្រចាំថ្ងៃដោយឥតគិតថ្លៃ។

កម្មវិធីជំនួយនេះមានឈ្មោះថា “Sieu thi se chia 0 dong” (ផ្សារទំនើបចែករំលែកទំនិញឥតគិតថ្លៃ) ដែលបានដំណើរការឡើងក្នុងរង្វង់ទឹកប្រាក់ចំនួន ៥០០ លានដុង (២១,៦១២ ដុល្លារ) ដែលប្រមូលបានពីប្រភពផ្សេងៗគ្នា។ កម្មវិធីនេះផ្តល់នូវការផ្គត់ផ្គង់ចាំបាច់ដូចជា ផលិតផលវេជ្ជសាស្រ្ត និងស្បៀងអាហារ ដោយតាមរយៈការបង្ហាញកាតសិស្ស និស្សិតម្នាក់ៗត្រូវបានអនុញ្ញាតឱ្យយកផលិតផលចំនួនបួនយ៉ាងច្រើនបំផុត។

ប្រធានសមាគមនលោក Le Cong Hung បាននិយាយថានិស្សិតជាង ៥០០០នាក់ បានជាប់គាំងនៅដាណាងដោយសារការរាតត្បាតនៃវីរុស Covid-19 ធ្ងន់ធ្ងរដែលបង្ខំឲ្យរដ្ឋាភិបាលត្រូវបិទទីក្រុងនេះភ្លាមៗ។ លោកបានបន្ថែមថា កម្មវិធីនេះមានគោលបំណងបំពេញតម្រូវការចាំបាច់របស់ពួកគេ ដើម្បីឲ្យពួកគេអាចតស៊ូក្នុងការជំនះនូវការលំបាកក្នុងពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះដែរកម្មវិធីនេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា ក៏ដូចជាពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា នៅឯមហាវិទ្យាល័យសេដ្ឋកិច្ចផែនការដាណាង សាកលវិទ្យាល័យស្ថាបត្យកម្មដាណាងនិងសាកលវិទ្យាល័យសេដ្ឋកិច្ច – សាកលវិទ្យាល័យដាណាង។ ខណៈនិស្សិតនៃសាកលវិទ្យាល័យស្ថាបត្យកម្មដាណាងមួយរូបបាន​និយាយថា គ្រួសាររបស់នាងកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងពិបាកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃហើយកម្មវិធីនេះធ្វើឱ្យនាងមានអារម្មណ៍សប្បាយរីករាយ និងមានសុវត្ថិភាពជាងមុន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus