រដ្ឋាភិបាលថៃ នឹងផ្តល់ប្រាក់កម្ចីទុនចំនួន ២៤ ពាន់លានបាត (ជាង ៧៧១ លានដុល្លារ) ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលទទួលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺ Covid-19 ខណៈដែលពួកគេស្នើសុំមិនបញ្ឈប់បុគ្គលិក។
ការផ្តល់ជូននេះ ត្រូវបានធ្វើឡើងចំពោះតំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសថៃចំនួន ៧ ដែលបានជួបជាមួយនាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha នៅឯវិមានរដ្ឋាភិបាលកាលពីថ្ងៃទី ២៨ ខែសីហា ដើម្បីស្វែងរកជំនួយ។ ដោយពួកគេ បានស្នើសុំប្រាក់កម្ចីទុនចំនួន ២៤ ពាន់លានបាតត្រូវតែបានឱ្យឆាប់តាមដែលអាចធ្វើទៅបាន រួមជាមួយការពន្យារការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ និងការលើកលែង ឬបញ្ចុះថ្លៃសេវាអាកាសចរណ៍រួមទាំងការចុះចតអាកាសយានដ្ឋាន និងថ្លៃចំណត។

លោក Prayut បានធានាអះអាងថារដ្ឋាភិបាលនឹងចេញវិធានការណ៍រហ័ស ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ ហើយលោកបាននិយាយថាពួកគេមិនគួរកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេឡើយ។ លោកបាននិយាយថា រដ្ឋាភិបាលតាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 របស់ខ្លួន កំពុងពិចារណាលើវិធានការណ៍នានាដែលរួមមានការបន្ធូរបន្ថយការរឹតត្បិតអាកាសចរណ៍ និងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។

ទន្ទឹមនឹងនេះ លេខាធិការអចិន្រ្តៃយ៍ផ្នែកហិរញ្ញវត្ថុថៃលោក Prasong Poontaneat មានប្រសាសន៍ថា ប្រាក់កម្ចីទន់នឹងត្រូវផ្តល់ជូនតាមរយៈធនាគារពាណិជ្ជកម្មនៅខែតុលា ហើយការកាត់បន្ថយថ្លៃសេវាហោះហើរអាចត្រូវបានពន្យារដល់ខែមីនា ឆ្នាំក្រោយ។ លោកបានមានប្រសាសន៍ថា ការកាត់បន្ថយពន្ធលើថ្លៃប្រេងឥន្ធនៈនឹងបន្តរហូតដល់ចុងខែក្រោយ។ លោក Tassapon Bijleveld ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Thai AirAsia បានមានប្រសាសន៍ថា ជំនួយនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រក្សាសាច់ប្រាក់ងាយស្រួលរហូតដល់ឆ្នាំក្រោយ នៅពេលដែលអាជីវកម្មត្រូវបានគេរំពឹងថា នឹងកើនឡើងហើយនឹងរក្សានិយោជិកប្រហែល ២ ម៉ឺននាក់លើប្រាក់ខែរបស់ពួកគេ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


