គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១ នឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ ដោយការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកនៅថ្ងៃទី២៦ ខែសីហា ដោយលោក Li Tao ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមអភិវឌ្ឍន៍សហព័ន្ធចិន (UDG) ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។
វិនិយោគដោយក្រុមហ៊ុន UDG អាកាសយានដ្ឋានដែលមានតម្លៃ ៣.៥ ពាន់លានដុល្លារអាមេរិកត្រូវបានសាងសង់លើផ្ទៃដី ៤.៥ ហិកតា នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការងារសំណង់របស់ក្រុមហ៊ុនដោយសង្កត់ធ្ងន់ថា (SSCA)នឹងបន្តគាំទ្រដល់ក្រុមហ៊ុនសម្រាប់ការសាងសង់នេះឱ្យទទួលបានជោគជ័យដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គឺជាព្រលានយន្តហោះមួយក្នុងចំណោមអាកាសយានដ្ឋានទាំងបីដែលកំពុងសាងសង់។ ខណៈពីរទៀត គឺជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តាលនិងតាកែវ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅខេត្តសៀមរាប៕

ប្រភព៖ ក្រសួងព័ត៌មាន


