យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី (Matrade) បានឱ្យដឹងថា ការនាំចេញរបស់ម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជាមធ្យម ៣.៥% នៅឆ្នាំនេះបើប្រៀបធៀបជាមួយនឹងកំណើន ១.៧% ក្នុងឆ្នាំ ២០១៩ ។
នាយកប្រតិបត្តិ Matrade លោក Datuk Wan Latiff Wan Musa បាននិយាយថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ៦.៨% ដោយសារតែបទបញ្ជាចលនា (MCO) ដែលជាវិធានការណ៍បង្ការរបស់រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស។ លោក Wan Latiff បន្តថា « ដោយសារតែ MCO នៅប្រទេសម៉ាឡេស៊ី ការបិទទ្វារនៅទូទាំងពិភពលោក និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយប្រជាជនមិនបានធ្វើដំណើរ ទើបបណ្ដាលឱ្យពាណិជ្ជកម្មពិភពលោកនឹងរងផលប៉ះពាល់ »។
ទន្ទឹមនឹងនេះលោក Wan Latiff បន្ថែមថា « ទោះជាយ៉ាងណា យើងកំពុងមើលឃើញពីនិន្នាការ នៃកើនឡើងដែលចាប់ផ្តើមពីខែមិថុនា ឆ្នាំ ២០២០ ដោយសារការនាំចេញសម្រាប់ខែនេះបានកើនឡើង ៨.៨% បន្ទាប់ពីការធ្លាក់ចុះ ២ ខែជាប់គ្នាក្នុងខែមេសា និងឧសភា »។ « ប៉ុន្តែខ្ញុំជឿថា វានឹងមិនអាចដូចនឹងកម្រិតដែលយើងបានឃើញកាលពីឆ្នាំមុនទេ ប្រសិនបើយើងនិយាយអំពីការព្យាករណ៍ ដែលនៅតែជាការធ្លាក់ចុះ ៣.៥% បើប្រៀបធៀបទៅនឹងកំណើន ១.៧% កាលពីឆ្នាំមុន »៕
អត្ថបទ៖ នីតា
ប្រភព៖ thestar


