ប្រទេសឥណ្ឌូនេស៊ី បានទទួលការចាក់បញ្ចូលសាច់ប្រាក់ពីមូលនិធិអាកាសធាតុបៃតងរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីជួយកាត់បន្ថយការបំភាយកាបូន និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅពេលដែលប្រទេសនេះត្រូវកាត់បន្ថយការចំណាយនៅក្នុងតំបន់ ដោយសារតែសម្ពាធថវិកាដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូនេស៊ីលោកស្រី Siti Nurbaya Bakar បាននិយាយថា ថវិកាចំនួន ១០៣.៨ លានដុល្លារត្រូវបានផ្តល់ក្រោមកម្មវិធី REDD+ ដែលជាគម្រោងអភិរក្សព្រៃឈើដែលគាំទ្រដោយ UN ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើការរីកចម្រើនរបស់ឥណ្ឌូនេស៊ីពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហាថា « ការត្រួតពិនិត្យភ្លើងឆេះព្រៃ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ »។

ទន្ទឹមនឹងនេះ កាលពីខែមិថុនា មន្រ្តីក្រសួងបរិស្ថានបាននិយាយថា មានការកាត់ថវិកាចំនួន ៥០% សម្រាប់ក្រុមពន្លត់អគ្គិភ័យ។ អគ្គិភ័យ ដែលជារឿយៗត្រូវបានកំណត់ដើម្បីឈូសឆាយដីសម្រាប់ចម្ការដូងប្រេងនៅក្នុងប្រទេស ផលិតប្រេងកាតលំដាប់កំពូលនៅលើពិភពលោកត្រូវបានបំផ្លាញខ្លាំងបំផុតនៅក្នុងឆ្នាំ ២០១៩ ។ យោងតាមទិន្នន័យរបស់ក្រសួងបានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំនេះផ្ទៃដីប្រហែល ៦៤,០០០ ហិកតាត្រូវបានដុតបើប្រៀបធៀបនឹង ១៣៧,០០០ ហិកតាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លើសពីនេះទៅទៀត ឥណ្ឌូនេស៊ីមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន ២៩% នៅឆ្នាំ ២០៣០ ដោយខ្លួនឯង ឬ ៤១% ដោយមានជំនួយអន្តរជាតិ។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវការហិរញ្ញប្បទានចំនួន ១៩ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីឈានដល់គោលដៅឆ្នាំ ២០៣០ ។ គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះរដ្ឋាភិបាលបានផ្តល់ថវិកាជាមធ្យមប្រមាណ ៩០ ទ្រីលានរូពី (៦.១៤ ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ចំណាយលើការប្រែប្រួលអាកាសធាតុទោះបីការចំណាយឆ្នាំ ២០២០ បានធ្លាក់ចុះដល់ប្រមាណ ៨០ ទ្រីលានរូ៉ពី ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺ Covid-19 ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


