ចាប់តាំងពីផ្ទុះឡើងវីរុស Covid-19 នៅក្នុងប្រទេសមកវៀតណាមបានដាក់ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាល និងជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារការរាតត្បាតពីវីរុសនេះ។ ជាក់ស្ដែងកាលពីពេលកន្លងមកវៀតណាមបានបង្កើតម៉ាស៊ីន ATM អង្ករ ក្នុងការផ្ដល់អង្ករដល់ប្រជាជនដែលខ្វះខាត ហើយកាលពីពេលថ្មីៗនេះវៀតណាមបានបង្កើតម៉ាស៊ីន ATM ម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋថែមទៀត។
យោងតាមសារព័ត៌មាន vietnamplus បានឲ្យដឹងថា ម៉ាស៊ីន ATM ម៉ាស់នេះមានប្រព័ន្ធស្កេនមុខ មានន័យថា នៅពេលអ្នកស្រុកមកទទួលម៉ាស់ ម៉ាស៊ីននឹងស្កេនមុខរបស់ពួកគេ។ ហើយនៅពេលម៉ាស៊ីនស្កេនរួច អ្នកស្រុកអាចចុចប៊ូតុងដើម្បីទទួលបានម៉ាស់ដោយឥតគិតថ្លៃ។

ម៉ាស៊ីន ATM ម៉ាស់ជាច្រើនត្រូវបានដាក់ឲ្យប្រតិបត្តិការនៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុង ហាណូយ កាលពីពេលថ្មីៗនេះ ដែលនឹងចែកចាយម៉ាស់ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។ ជាមួយគ្នានេះដែរម៉ាស់សរុបចំនួន ៤៥,០០០ ម៉ាស់នឹងត្រូវបានចែកចាយចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៣ ខែកញ្ញា។ វត្តមានរបស់ម៉ាស៊ីនទាំងនេះត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 នៅទូទាំងប្រទេស៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


