នាយករដ្ឋមន្ត្រីថៃ៖ យើងត្រូវការអ្នកទេសចរបរទេស ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងតំបន់ឲ្យរួចពីវិបត្តិ
ទេសចរណ៍ August 27, 2020 Chan Sreyny

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃចាំបាច់ត្រូវទាក់ទាញភ្ញៀវទេសចរបរទេសឲ្យត្រឡប់មកវិញ និងមានប្រព័ន្ធគ្រប់គ្រងការស្វាគមន៍មួយដែលមានជាស្រេច ដូច្នេះប្រជាជនក្នុងតំបន់អាចចាប់ផ្ដើមរកប្រាក់បានម្ដងទៀត។

លោកបានមានប្រសាសន៍ថា ការវិលត្រលប់របស់ភ្ញៀវទេសចរបរទេសនឹងចាប់ផ្ដើមជាមួយនឹងចំនួនភ្ញៀវដែលមានកំណត់ ដើម្បីសាកល្បងវិធានការគ្រប់គ្រងជំងឺរបស់ប្រទេសដែលនឹងមានលក្ខណៈទូលំទូលាយ។ លោកបានព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភនានា ដែលភ្ញៀវទេសចរណ៍អាចនាំយកមកនូវរលកទីពីរនៃជំងឺកូវីដ-១៩ ប៉ុន្តែឧត្តមសេនីយ៍រូបនេះ បាននិយាយថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យភ្ញៀវទេសចរមកដល់ ហើយធ្វើអ្វីតាមដែលពួកគេចង់បាន ដូចពេលមុនៗនោះទេ។

លោកបានបន្តថា ប្រទេសថៃនឹងមានបែបបទសម្រាប់ភ្ញៀវទេសចរដើម្បីបំពេញ ជើងហោះហើរត្រូវតែតាមដានឲ្យបានដិតដល់ ហើយនៅពេលដែលពួកគេទៅដល់គោលដៅរបស់​ពួកគេ ទីតាំងរបស់ពួកគេនឹងត្រូវបានបញ្ជាក់ ហើយពួកគេនឹងត្រូវតម្រូវឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ។ នាយករដ្ឋមន្រ្តីរូបនេះបានអះអាងថា ការវិលត្រឡប់របស់ភ្ញៀវទេសចរ គឺចាំបាច់សម្រាប់ប្រទេសនេះណាស់ ព្រោះប្រសិនបើយើងមិនធ្វើអ្វីម្យ៉ាងទេនោះ អ្វីៗនឹងកាន់តែអាក្រក់ទៅៗ ទីប្រជុំជននឹងត្រូវបិទទ្វារ និយោជិកនឹងត្រូវបញ្ឈប់ពីការងារ ដូច្នេះតើរដ្ឋាភិបាលអាចមាលទ្ធភាពជួយពួកគេបានដោយរបៀបណា?

ទោះបីជាយ៉ាងណាក្ដី លោកបានផ្តល់ការធានាថា ភ្ញៀវនឹងត្រូវបានឃ្លាំមើល ហើយលោកសង្ឃឹមថាប្រជាជនក្នុងតំបន់នឹងស្វាគមន៍ពួកគេត្រឡប់មកវិញ ព្រោះប្រជាជនក្នុងតំបន់ត្រូវតែយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ ក្រោមហេតុផលអត្ថប្រយោជន៍នឹងផ្តល់ជូនពួកគេមិនមែនរដ្ឋាភិបាលទេ។ បន្ថែមពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា មន្រ្តីកំពុងធ្វើសេចក្តីព្រាងនីតិវិធីសម្រាប់ដោះស្រាយភ្ញៀវទេសចរដែលមកដល់ហើយពិចារណាថា តើទិសដៅណាដែលជាទិសដៅដំបូងដើម្បីទទួលពួកគេ ខណៈផលប៉ះពាល់សេដ្ឋកិច្ចធំបំផុត គឺនៅតាមបណ្តាខេត្តដែលធ្លាប់ទទួលបានភ្ញៀវទេសចរបរទេសមួយចំនួនធំ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost