ក្នុងខែកក្កដា ឱនភាពថវិការបស់ឥណ្ឌូនេស៊ីកើនឡើងដល់ជាង ២២ ពាន់លានដុល្លារដោយសារកត្តាទាំងនេះ
សេដ្ឋកិច្ច August 27, 2020 Chan Sreyny

ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រាឱនភាពថវិកាចំនួន ៣៣០.២ ទ្រីលានរូ៉ពី (២២.៤ ពាន់លានដុល្លារអាមេរិក) ឬ ២% នៃផលិតផលក្នុងស្រុកសរុបគិតត្រឹមខែកក្កដា ដោយសារប្រាក់ចំណូលពន្ធបានធ្លាក់ចុះបន្ថែមទៀត បើទោះបីជាការចំណាយរបស់រដ្ឋមានការកើនឡើងបន្តិចបន្តួចក៏ដោយ។

ឥណ្ឌូនេស៊ី បានប្រមូលចំណូលពីរដ្ឋចំនួន ៩២២.២ ទ្រីលានរូ៉ពីដែលបានថយចុះ ១២.៤% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះទាំងចំណូលពន្ធ និងប្រាក់ចំណូល។ ការបូកសរុប គឺប្រហែល ៥៤% នៃគោលដៅសម្រាប់ចំណូលដែលត្រូវប្រមូលនៅឆ្នាំនេះ។ ការចំណាយរបស់រដ្ឋបានកើនឡើង ១.៣% រហូតដល់ ១.២៥ ក្វាទ្រីលានរ៉ូពីគិតត្រឹមខែកក្កដា ដែលស្មើនឹង ៤៥.៧% នៃគោលដៅពេញមួយឆ្នាំរបស់រដ្ឋាភិបាល។

លោកស្រី Sri Mulyani រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​បាននិយាយថា « នេះបង្ហាញថា ប្រាក់ចំណូលកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈពេលដែលការចំណាយកើនឡើងដោយសារតែជំងឺរាតត្បាត Covid-19 ដែលបានជះឥទ្ធិពលលើឱនភាពថវិកាមានចំនួនច្រើន »។ ចំណូលពន្ធ ដែលជាប្រភពចំណូលសំខាន់សម្រាប់រដ្ឋាភិបាលបានធ្លាក់ចុះ ១៤.៧% ក្នុងមួយឆ្នាំមកនៅត្រឹម ៦០១.៩ ទ្រីលានដោយសារតែការធ្លាក់ចុះនៃចំណូលពន្ធយ៉ាងខ្លាំងពីវិស័យប្រេង និងឧស្ម័ន និងផ្នែកផ្សេងទៀត។

លោកស្រី Mulyani បន្តថា ប្រាក់ចំណូលបានប្រសើរឡើងនៅក្នុងខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងសង្គម ដែលបានដាក់កាលពីដើមឆ្នាំនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ប៉ុន្តែប្រាក់ចំណូលរបស់រដ្ឋពីវិស័យមួយចំនួនរួមទាំងពាណិជ្ជកម្ម និងរ៉ែបានអន់ថយនៅក្នុងខែកក្កដា។ ការចំណាយរបស់រដ្ឋាភិបាលបានកើនឡើង ៤.២% នៅក្នុងខែកក្កដា ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ៧៩៣.៦ ទ្រីលានរូ៉ពីបន្ទាប់ពីមានការកើនឡើង ៥៥% នៃការចំណាយលើជំនួយសង្គម។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋាភិបាលនឹងបន្តតាមដាន ​​​​​​និងបង្កើនការចំណាយទាក់ទងនឹងការស្តារសេដ្ឋកិច្ច ដើម្បីធ្វើឱ្យការងើបឡើងវិញមានស្ថេរភាព និងមានភាពធន់ទៅមុខ៕

អត្ថបទ៖ នីតា
thejakartapost