អូស្រ្តាលីនឹងផ្តល់ថវិកាចំនួន ៨០ លានដុល្លារ គាំទ្រដល់យន្តការណ៍ COVAX AMC ដើម្បីបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង COVID-19 ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតំលៃសមរម្យ សម្រាប់ប្រទេសចំនួន ៩២ នៅក្នុងតំបន់របស់យើង និងនៅជុំវិញពិភពលោក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។
បណ្ដាប្រទេសដែលមានសិទ្ធិទទួលបានវ៉ាក់សាំងពី COVAX AMC នៅតំបន់ប៉ាស៊ីហ្វិករួមមាន ប្រទេសប៉ាពួញូហ្គីណេ,កោះសូឡូម៉ុន ,វ៉ានូទូ, ហ្វីជី, សាម័រ, តុងហ្គា, តូវលូ, គីរីបាទី, សាធារណរដ្ឋនៃកោះ Marshall និង សហព័ន្ធ Micronesia។ ដោយឡែកប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានសិទ្ធិទទួលបានវ៉ាក់សាំងនេះរួមមាន ប្រទេសឥណ្ឌូនេស៊ី,ទីម័រខាងកើត, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងវៀតណាម។

ក្នុងការចូលរួមកិច្ចសហការពិសេសនេះអូស្រ្តាលីនឹងជួយធ្វើឱ្យប្រាកដថា ប្រទេសទាំងអស់មានឱកាសទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាពមិនត្រឹមតែប្រទេសដែលអាចមានលទ្ធភាពទិញឬផលិតដោយខ្លួនឯងនោះទេ។ ក្នុងការវិនិយោគនេះអូស្រ្តាលីចូលរួមជាមួយម្ចាស់ជំនួយ AMC ដូចជា ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី ន័រវែស និងនូវែលសេឡង់។

គួរឲ្យដឹងផងដែរថា COVAX AMC គឺជាផ្នែកមួយនៃ COVAX Facility ដែលត្រូវបានបង្កើតឡើងដោយសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត (CEPI) សម្ព័ន្ធវ៉ាក់សាំងរបស់ Gavi និងអង្គការសុខភាពពិភពលោក។ ហើយ COVAX Facility នឹងអនុញ្ញាតឱ្យទទួលបានវ៉ាក់សាំងយ៉ាងរហ័ស និងសមធម៌សម្រាប់ប្រទេសនានាដោយប្រមូលផ្តុំតម្រូវការ និងអំណាចនៃការទិញ៕


អត្ថបទ៖ លីនី
ប្រភព៖ indopacifichealthsecurity


