ក្រុមហ៊ុនជប៉ុន ១៤០០ ណាយចិត្តពីចិន ផ្ដោតការចាប់អារម្មណ៍ទៅប្រទេសវៀតណាម ដោយសារសារកត្តារ៉ាំរ៉ៃមួយនេះ
សេដ្ឋកិច្ច August 27, 2020 Chan Sreyny

ក្រុមហ៊ុនជប៉ុនចំនួន ១៤០០ មានគោលបំណងផ្លាស់ប្ដូរពីប្រទេសចិន ហើយផ្ដោតការចាប់អារម្មណ៍ទៅប្រទេសវៀតណាម ដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន។ ជាង ៤០% នៃសហគ្រាសចំនួន ៣៥០០ របស់ជប៉ុនដែលចូលរួមក្នុងការស្ទង់មតិដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលបានធ្វើនៅចុងឆ្នាំ២០១៩ បាននិយាយថា ពួកគេកំពុងពិចារណាពង្រីកប្រតិបត្តិការនៅវៀតណាមក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដោយកើនឡើង ៥.៥% ពីមួយឆ្នាំមុន។

ការផ្លាស់ប្ដូរនេះបានកើតឡើងនោពេលដែលក្រុមហ៊ុនជប៉ុនជាច្រើនកំពុងរៀបចំពង្រីកអាជីវកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ និងកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារតែភាពតានតឹងកាន់តខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។ ទន្ទឹមនឹងនេះដែរ អ្នកឆ្លើយសំណ ៣៦.៣% បាននិយាយថា ពួកគេរំពឹងថានឹងផ្លាស់ទៅប្រទេសថៃកើនឡើង ១.៥% និង ៤៨.១% គ្រោងជំរុញអាជីវកម្មនៅប្រទេសចិនដែលធ្លាក់ចុះ ៧.៣%។

យោងតាម JETRO ការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិនចាប់តាំងពីឆ្នាំ២០១៨ បានបង្វែរការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាលទ្ធផលគម្លាតរវាងចំនួនទឹកប្រាក់វិនិយោគជប៉ុននៅអាស៊ាន និងនៅចិនបានពង្រីកដល់ ១៩១ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ពី ៩៥.៨ លានដុល្លារក្នុងឆ្នាំ ២០១៧ ។

បន្ថែមពីនេះ JETRO កាលពីខែកក្កដា​បានចេញផ្សាយបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលត្រៀមនឹងទទួលការឧបត្ថម្ភធនពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីផ្លាស់ប្ដូរទីតាំងផលិតកម្មចេញពប្រទេសចិនដែលក្នុងចំណោមនោះមាន ១៥ ដែលមានគោលដៅទៅប្រទេសវៀតណាម។ ប្រភពដដែលបានឲ្យដឹងបន្ថែម​ថា JETRO បាននិយាយថា ការគាំទ្រផ្នែកហិរញ្ញវត្ថុមានចាប់ពី ៩០០,០០០ ដុល្លារទៅ ៤៦.៥ លានដុល្លារ ដើម្បីគ្របដណ្ដប់លើការចំណាយដែលត្រូវការរបស់ក្រុមហ៊ុនជប៉ុនក្នុងការពង្រីកប្រតិបត្តិការ។

ក្រុមហ៊ុនជប៉ុនតម្រូវឱ្យបញ្ចប់ការសាងសង់កន្លែងមុនខែមីនាឆ្នាំ ២០២៥ និងសម្រាប់អ្នកដែលផលិតឧបករណ៍ពេទ្យមុនខែមីនា ២០២៣ ។ ខណៈរដ្ឋាភិបាលជប៉ុនបានចំណាយថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិកនៅក្នុងថវិកាបន្ថែមឆ្នាំសារពើពន្ធ ២០២០ ដើម្បីបង្កើតកម្មវិធីឧបត្ថម្ភធនដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនដើម្បីផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសជប៉ុន។ ក្នុងចំនួនទឹកប្រាក់ ២១៩ លានដុល្លារអាមេរិកត្រូវបានទុកដោយឡែកដើម្បីជំរុញការធ្វើពិពិធកម្មកន្លែងផលិតកម្មពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ លីនី
ប្រភព៖ hanoitimes