រហូតមកទល់ពេលនេះកម្ពុជានាំចេញទំនិញទៅកូរ៉េបាន ១៨ មុខ និងទទួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីកូរ៉េ ៣៦ គម្រោង
សេដ្ឋកិច្ច August 27, 2020 Chan Sreyny

រហូតមកដល់ពេលនេះ កម្ពុជាអាចនាំចេញទំនិញកសិកម្មទៅកាន់ទីផ្សារកូរ៉េរហូតដល់ទៅ ១៨ មុខ ខណៈដែលប្រទេសបានទទួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីប្រទេសដដែលនេះរហូតដល់ទៅ ៣៦ គម្រោង ។ ព័ត៌មាននេះត្រូវបានបញ្ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ជាមួយនឹង លោក ផាក ហឿងយ៉ុង ( Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។

ចំណែកឯគម្រោងអភិវឌ្ឍន៍ផ្នែកកសិកម្មដែលកម្ពុជាបានទទួល និង កំពុងអភិវឌ្ឍន៍ពីកូរ៉េរួមមានដូចជា គម្រោងការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកម្ពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរីដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែក ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង ។ល។

ទន្ទឹមនឹងនេះដែរប្រភពពីក្រសួងកសិកម្មបានឱ្យដឹងថា ក្រៅពីការនាំចេញកសិផលទាំង ១៨ មុខនេះ ស្ថាប័នជំនាញរបស់ក្រសួងក៏កំពុងតែរៀបចំស្នើសុំភាគីកូរ៉េខាងត្បូងនាំចូលកសិផលពីកម្ពុជា ចំនួនពីរប្រភេទទៀតផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន