រដ្ឋាភិបាលសិង្ហបុរី មានគោលបំណងការពារការងាររបស់ប្រជាពលរដ្ឋ ខណៈមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច August 26, 2020 Chan Sreyny

ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានប្រសាសន៍ថា តម្រូវការចាំបាច់ដើម្បីទ្រទ្រង់ការងារនឹងនៅតែជាអាទិភាពកំពូលមួយសម្រាប់ប្រទេសសិង្ហបុរី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យោងតាមលោកប្រធានាធិបតីបានឱ្យដឹងថា ការគ្របដណ្តប់ដោយជំងឺ Covid-19 បានធ្វើឱ្យកម្មកររបស់សិង្ហបុរីប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ។ ដើម្បីបង្កើតការងារបន្ថែមទៀត ប្រទេសនេះត្រូវការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនជាបន្ទាន់ និងស្វែងរកមធ្យោបាយថ្មីៗដើម្បីធានានូវជីវភាពរស់នៅរបស់ប្រជាជនខ្លួន។ លោកស្រី Yacob បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសិង្ហបុរីគួរតែពិចារណាវិធីពង្រឹងបណ្តាញសុវត្ថិភាពសង្គម ដើម្បីជួយឱ្យប្រជាជនអាចទប់ទល់នឹងហានិភ័យនៅក្នុងជីវិតរបស់ពួកគេឱ្យបានប្រសើរជាងមុន។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន សិង្ហបុរីត្រូវការធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍ដំណើរការជាបណ្តើរៗ ពង្រឹងការតភ្ជាប់ឌីជីថលក្នុងតំបន់ និងពង្រឹងភាពធន់បន្ថែមទៀតនៅក្នុងវិស័យសំខាន់ៗដូចជា៖ ការគ្រប់គ្រងស្បៀងអាហារ ការថែរទាំសុខភាព និងការគ្រប់គ្រងចង្វាក់ផ្គត់ផ្គង់ដើម្បីបង្កើតសន្ទុះសម្រាប់ប្រភពកំណើនថ្មី។ កន្លងមកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរីលោក Heng Swee Keat បាននិយាយថា រដ្ឋាភិបាលសិង្ហបុរីនឹងចំណាយថវិកាចំនួន ៨ ពាន់លានសិង្ហបុរី (៥.៨ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងការរក្សា និងបង្កើតការងារសម្រាប់ពលករ និងទាញយកឱកាសពេញលេញសម្រាប់កំណើនសេដ្ឋកិច្ច។

គួរឱ្យដឹងផងដែរថា នៅពេលដែលសេដ្ឋកិច្ចរបស់សិង្ហបុរីនៅត្រីមាសទី២ ឆ្នាំ ២០២០ បានមើលឃើញពីការធ្លាក់ចុះដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ និងជំងឺរាតត្បាតនៅតែបង្កឱ្យមានភាពស្មុគស្មាញទៀតនោះ សិង្ហបុរីនឹងជម្រុញយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចដោយផ្តោតលើការបង្កើតការងារថ្មី ដើម្បីគាំទ្រដល់ឧស្សាហកម្មដែលរងផលប៉ះពាល់ និងប្រើប្រាស់ឱកាសដើម្បីឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus