រដ្ឋាភិបាលថៃអនុម័តថវិកាជិត ៣២ លានដុល្លារ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19
សេដ្ឋកិច្ច August 26, 2020 Chan Sreyny

គណៈរដ្ឋមន្រ្តីថៃបានចុះហត្ថលេខាលើការផ្ដល់មូលនិធិចំនួន ១ ពាន់លានបាត (ប្រមាណជិត ៣២ លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ។ ដោយការចាក់បញ្ចូលសាច់ប្រាក់ទៅវិទ្យាស្ថានវ៉ាក់សាំងជាតិនេះគឺបានមកពីថវិកាសង្រ្គោះបន្ទាន់ឆ្នាំ២០២០។

ទោះបីជាយ៉ាងនេះក្ដី ក៏នៅតែមានការព្រួយបារម្ភថា ប្រទេសនេះនៅតែប្រឈមនឹងហានិភ័យនៃរលកទីពីរ ដោយសារការបង្កើនល្បឿននៃការរីករាលដាល Covid-19 នៅក្នុងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក បើទោះបីជាប្រទេសធ្វើបានយ៉ាងល្អក្នុងការទប់ស្កាត់វីរុសក៏ដោយ។ ប៉ុន្តែវ៉ាក់សាំងឥឡូវត្រូវបានគេមើលឃើញថា ជាតម្រូវការចាំបាច់ដើម្បីឱ្យប្រទេសថៃបើកឡើងវិញនូវទេសចរណ៍អន្តរជាតិ និងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះ។

គួរម្លឹកផងដែរថា ករណីដំបូងនៃវីរុស Covid-19 នៅខាងក្រៅប្រទេសចិនត្រូវបានកត់ត្រានៅក្នុងប្រទេសថៃកាលពីខែមករា ហើយនៅពេលចំនួនអ្នកឆ្លងកាន់តែច្រើន រដ្ឋាភិបាលបានដាក់ការហាមឃាត់យ៉ាងតឹងរ៉ឹងដែលហាក់ដូចជាបានគ្រប់គ្រងវីរុសដោយជោគជ័យ ប៉ុន្តែបានបំផ្លាញសេដ្ឋកិច្ចជាពិសេសនៅក្នុងតំបន់ដែលពឹងផ្អែកខ្លាំងលើទេសចរណ៍អន្តរជាតិ។ យោងតាមរបាយការណ៍មួយនៅប្រទេសថៃធនាគារថៃព្យាករថា សេដ្ឋកិច្ចរបស់ ប្រទេសនេះនឹងធ្លាក់ចុះ ៥.៣% នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះកាលពីខែមេសា គណៈកម្មាធិការជាតិចាក់វ៉ាក់សាំងបានអនុម័តប្លង់មេមួយ ដែលអនុញ្ញាតឱ្យមានលទ្ធកម្មគំរូវ៉ាក់សាំងដែលបានសន្យាពីបណ្តាប្រទេសផ្សេងៗ ខណៈដែលគាំទ្រដល់ការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃ។ ហើយកាលពីខែមិថុនារដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា លោករំពឹងថាប្រទេសថៃនឹងមានវ៉ាក់សាំងត្រៀមរួចរាល់ក្នុងរយៈពេល ៩ ខែ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger