កោះបាលីរបស់ឥណ្ឌូនេស៊ី នឹងមិនបើកទទួលភ្ញៀវទេសចរបរទេសនៅខែកញ្ញាដូចការគ្រោងទុកទេ អាចពន្យាររហូតដល់ចុងឆ្នាំ
ទេសចរណ៍ August 26, 2020 Chan Sreyny

ផែនការបើកកោះបាលីឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី ១១ ខែកញ្ញា ត្រូវបានពន្យារពេលបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចចិត្តរង់ចាំរហូតដល់ចុងឆ្នាំ ២០២០ នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះអភិបាលក្រុងបាលីលោក Wayan Koster បាននិយាយថា រដ្ឋាភិបាលនៅតែហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឱ្យធ្វើដំណើរទៅបរទេសយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២០ ដោយបន្ថែមថា ស្របតាមគោលនយោបាយនេះកោះបាលីក៏មិនអាចបើកទ្វារទទួលទេសចរបរទេសបានដែរ។ លោក Koster បានបន្ថែមថា រដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការរបស់ខេត្តក្នុងការបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារវិស័យទេសចរណ៍ឡើងវិញ ប៉ុន្តែកោះបាលីគួរតែប្រុងប្រយ័ត្ន។

បន្ទាប់ពីការសម្រេចចិត្តនេះ កោះបាលីត្រូវបានគេនិយាយថា​ កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ក្នុងគោលបំណងដើម្បីធ្វើឱ្យផ្លូវរបស់ខ្លួនឆ្ពោះទៅរកភាពរលូន និងការងើបឡើងវិញនៃសេដ្ឋកិច្ច។ ជំងឺរាតត្បាត Covid-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កោះបាលីដែល ៨០% ពឹងផ្អែកលើវិស័យទេសចរណ៍។ សេដ្ឋកិច្ចរបស់កោះបាលីបានធ្លាក់ចុះ ១០.៩៨% នៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២០ ហើយយ៉ាងហោចណាស់មានកម្មករចំនួន ២,៦៦៧ នាក់ដែលធ្វើការក្នុងវិស័យទេសចរណ៍បានបាត់បង់ការងារ ហើយប្រជាជនចំនួន ៧៣,៦៣១ នាក់ត្រូវបានបង្ខំឱ្យឈប់សម្រាកដោយមិនមានប្រាក់ខែ។

គួររំលឹកផថដែរថា កាលពីមុនកោះបាលីគ្រោងនឹងបើកដំណើរការទេសចរណ៍ឡើងវិញជា ៣ ដំណាក់កាល ដោយចាប់ផ្តើមពីថ្ងៃទី ៩ ខែកក្កដា ជាមួយនឹងការបើកទីតាំងទេសចរណ៍ឡើងវិញដល់ប្រជាជនក្នុងតំបន់ និងដំណាក់ការបន្ទាប់ការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរក្នុងស្រុកមកពីតំបន់នានាទូទាំងប្រទេសឥណ្ឌូនេស៊ី។ ដំណាក់កាលទី៣ នឹងត្រូវចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរបរទេសនៅថ្ងៃទី ១១ ខែកញ្ញា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus