ស្ទើរមិនគួរឲ្យជឿ! វិស័យទេសចរជប៉ុនដែលធ្លាប់តែអ៊ូរអរ ប្រែមកស្ងាត់ដូចចោរលួចសេះ អស់រយៈពេល ៤ខែជាប់ៗគ្នា
ទេសចរណ៍ August 26, 2020 Chan Sreyny

យោងតាមទៅតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសជប៉ុនទទួលបានអ្នកទេសចរបរទេសប្រមាណ ៣,៨០០នាក់ នៅក្នុងខែកក្កដាដោយធ្លាក់ចុះ ៩៩.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនៃភ្ញៀវទេសចបរទេសនេះ គឺរយៈពេលបួនខែជាប់ៗគ្នាមកហើយដោយក្នុងខែកក្កដានេះ គឺជាខែទីបួន។

ការធ្លាក់ចុះនេះដែរ អាចបណ្ដាលមកពីប្រទេសជប៉ុននៅតែបន្តអនុវត្តការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីការងារពារការរីករាលដាលនៃវីរុស Covid-19​ ដោយ​ហាមឃាត់ជាគោលការណ៍ហាមចូលរបស់ជនបរទេសមកពី ១៤៦ ប្រទេសនិងតំបន់ រួមទាំងការរឹតបណ្តឹងការធ្វើដំណើរជាសកលផងដែរ។

ទីភ្នាក់ងារទេសចរណ៍ជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានទទួលភ្ញៀវទេសចរបរទេសចំនួន ២,៦០០ នាក់នៅក្នុងខែមិថុនា ១,៦៦៣ នាក់នៅក្នុងខែឧសភា និង ២,៩១៧ នាក់នៅក្នុងខែមេសា។ ដោយឡែកតួលេខនៅក្នុងខែកក្កដាបានកត់សម្គាល់នូវការធ្លាក់ចុះប្រចាំខែជាប់ៗគ្នា ហើយបើគិតចាប់តាំងពីខែតុលាឆ្នាំមុនមកការធ្លាក់ចុះនេះអស់រយៈពេល ១០ខែមកហើយ នៅពេលដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង ដោយសារតែទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺនជុំវិញបញ្ហាពលកម្មក្នុងសម័យសង្គ្រាមរបស់ជប៉ុននៅឧបទ្វីបកូរ៉េរវាងឆ្នាំ ១៩១០ និង ១៩៤៥ ។

ជាក់ស្ដែងចំនួនអ្នកទេសចរមកពីប្រទេសចិនក្នុងខែកក្កដាបានធ្លាក់ចុះមក ៨០០ នាក់ពី ១,០៥ លាននាក់កាលពីឆ្នាំមុន បន្ទាប់មកប្រទេសវៀតណាមមាន ៦០០ នាក់ សហរដ្ឋអាមេរិកមាន ៤០០ នាក់ និងអ្នកធ្វើដំណើរ ៣០០ នាក់មកពីប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា។ ទន្ទឹមនឹងនេះដែរចំនួនជនជាតិជប៉ុនដែលចាកចេញពីប្រទេសកាលពីខែកក្កដាបានធ្លាក់ចុះ ៩៨.៨% ដល់ប្រមាណ ២០,៣០០ ពោល គឺធ្លាក់ចុះពីចំនួន ១,៦៦ លាននាក់កាលពីឆ្នាំមុន ប៉ុន្តែកើនឡើងពី ១០,៦៦៦ នាក់កាលពីខែមុន។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមពិភាក្សាជាមួយប្រទេស និងតំបន់ចំនួន ១៦ រួមមាន អូស្រ្តាលី និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនស្តីពីការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរសម្រាប់ការធ្វើដំណើរអាជីវកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews