ADB ផ្ដល់ប្រាក់កម្ចី ១២៥ លានដុល្លារថែមទៀតដល់ហ្វីលីពីន ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច August 26, 2020 Chan Sreyny

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីដែលមានទឹកប្រាក់ចំនួន ១២៥ លានដុល្លារដើម្បីគាំទ្រដល់ប្រទេសហ្វីលីពីន ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បាននិយាយនៅថ្ងៃទី ២៥ ខែសីហាថា គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីដោះស្រាយ និងកំណត់ (HEAL) Covid-19 នឹងជួយមន្ទីរសុខាភិបាលនូវសេវាកម្មសុខភាពនៅទូទាំងប្រទេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍វេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលដែលពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ លោក Ahmed Saeed អនុប្រធាន ADB បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយកែលម្អការត្រៀម និងភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានក្នុងការដោះស្រាយការគំរាមកំហែងសុខភាពសាធារណៈនាពេលបច្ចុប្បន្ន និងអនាគត។ អ្នកឯកទេសផ្នែកសង្គមនៃ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Sakiko Tanaka មានប្រសាសន៍ថា គម្រោងនេះនឹងជួយរដ្ឋាភិបាលពង្រីកសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើតេស្តិ៍ Covid-19 ការឃ្លាំមើល ការការពារការឆ្លង ការត្រួតពិនិត្យ និងផ្តល់ឧបករណ៍ថែទាំចាំបាច់ដើម្បីកែលំអលទ្ធផលនៃការព្យាបាល។

យោងតាម ADB បានឱ្យដឹងថារដ្ឋាភិបាលកំពុងព្យាយាមបង្កើនសមត្ថភាពធ្វើតេស្តិ៍ Covid-19 ច្រើនទ្វេដងដល់ទៅ ៧៥,០០០ នាក់នៅដំណាច់ឆ្នាំនេះ បើប្រៀបធៀបទៅនឹងជិត ៣១,០០០ នាក់គិតត្រឹមថ្ងៃទី ១៥ ខែសីហា។ គិតមកទាល់ពេលនេះ ប្រទេសហ្វីលីពីនមានអ្នកឆ្លងជំងឺ Covid-19 ចំនួន ១៩៤,២៥២ នាក់និងអ្នកស្លាប់មានចំនួន ៣,០១០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus