ខេត្តសៀមរាបឈរនៅលំដាប់ថ្នាក់លេខ១ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តច្រើនជាងគេក្នុងរយៈពេលឈប់សម្រាបសងថ្ងៃចូលឆ្នាំ
ទេសចរណ៍ August 26, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ធំជាងគេ ដោយឈរនៅលំដាប់ថ្នាក់លេខ១ ដែលទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកម្សាន្តច្រើនជាងគេ ក្នុងរយៈពេលឈប់សម្រាបសងថ្ងៃចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។

តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាក្នុងខេត្តសៀមរាបមានចំនួនសរុប ២១៤,០៤៧ នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានីខេត្តទាំង២៥ ខណៈខេត្តកំពតឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០,៧៥៤ នាក់។ ដូច្នេះតាមរយៈចំនួននៃភ្ញៀវទេសចរណ៍នេះ ខេត្តសៀមរាបនៅតែជាគោលដៅទេសចរធំជាងគេនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរជាតិអប្សារាបានរៀបចំកម្មវិធីកម្សាន្តជាច្រើនដូចជា ការតាំងពិព៌រណ៍បន្លែ ផ្លែឈើ និងកសិផលផ្សេងៗ នៃផលិតផលរបស់ក្រុង-ស្រុកទាំង ១២ ,កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប កម្មវិធីផ្សារទឹក កម្មវិធីជិះទូកកម្សាន្ត កម្មវិធីកម្សាន្តក្នុងតំបន់ Pubstreet ការជិះកង់កម្សន្ត កម្មវិធីដើរព្រៃ និងផ្ទាំងទស្សនីយភាពសិល្បៈ រួមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន