កម្ពុជានឹងមានស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ៣០មេហ្គាវ៉ាត់ នៅខេត្តមួយនេះ ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក
សេដ្ឋកិច្ច August 26, 2020 Chan Sreyny

ខណៈពេលដែលពិភពលោក និងប្រទេសកម្ពុជាត្រូវបានវាយប្រហារដោយវីរុស Covid-19 ហើយបានជះឥទ្ធិពល​ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក៏ដោយក្ដី តែគេសង្កេតឃើញថាការវិនិយោគថ្មីៗពីបរទេសនៅតែបន្តចូលមកក្នុងប្រទេសជាហូរហែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញផ្សាយថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន RAY POWER SUPPLY CO., LTD លើគម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ។

យោងតាមក្រុមប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំណើសុំវិនិយោគរបស់ក្រុមហ៊ុនខាងលើ គឺដើម្បីបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៣៩.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង។

ចំពោះគម្រោងវិនិយោគថ្មីមួយនេះ នឹងក្លាយជាផ្នែកមួយក្នុងការទ្រទ្រង់ប្រទេសកម្ពុជាលើវិស័យថាមពល តាមរយៈការផ្គត់ផ្គង់អគ្គិសនីបានល្អប្រសើរជាងមុន ជួយបំពេញកង្វះខាតដែលកើតមានក្នុងរយៈពេលកន្លងមក។ មិនតែប៉ុណ្ណោះក៏ជួយជំរុញសេដ្ឋកិច្ចមួយផ្នែកផងដែរ គឺតាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ លីនី