រយៈពេល ៥ថ្ងៃ នៃការឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំ ខេត្តបាត់ដំបង ទទួលបានចំណូលប្រមាណជាង ៦ លានដុល្លារពីភ្ញៀវទេសចរ
ទេសចរណ៍ August 25, 2020 Chan Sreyny

ក្នុងរយៈពេល ៥ថ្ងៃ នៃការឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខេត្តបាត់ដំបង ទទួលបានចំណូលប្រមាណជាង ៦ លានដុល្លារអាមេរិក ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខណៈដែលអ្នកមក លេងកម្សាន្ត ជាង១៣ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃឈប់សម្រាកសងជំនួសថ្ងៃចូលឆ្នាំខ្មែរនេះ នៅខេត្តបាត់ដំបង ទទួលបានភ្ញៀទេសចរណ៍សរុបចំនួន ១៣៣,៣៤៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៣២,៥២៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨២៥នាក់ ដែលទទួលបាន ចំណូលសរុប ៦,៦៩២,២០០ដុល្លារ។

ជាមួយគ្នានេះលោកបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវចូលចិត្តទៅលេងកម្សាន្តមានដូចជា៖ រមណីយដ្ឋានប្រាសាទបាណន់,ភ្នំសំពៅ,ប្រាសាទឯកភ្នំ,ប្រាសាទបាសែត, អាងកំពីងពួយ,ទឹកធ្លាក់ចំការស្វាយ,ស្ទឹងថ្មដាចំការធុរេន,ទឹកធ្លាក់៥៣ ភ្នំព្រឹក,នគរជុំភ្នំព្រឹក,ភ្នំកំពូល,ចំការទុរេនអូរតង,ស្ទឹងថ្វាក,ទឹកធ្លាក់អូរជាំ,ល្អាងភ្នំប្រាំពីរ,ផ្ទះផ្កា,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ជាដើម។

លោកបានបន្ថែមថា យ៉ាងណាមិញខេត្តបាត់ដំបងក៏ទទួលផលបានច្រើនដែរពីការស្នាក់នៅក៏ដូចជាម្ហូបអាហារ ហើយនៅតាមតំបន់ផ្សេងៗគឺទទួលបានច្រើន ដោយសារតែកន្លងទៅសេដ្ឋកិច្ចរបស់យើងបានជួបនឹងវិបត្តិ អ៊ីចឹងការធ្វើដំណើររយៈពេល ៥ថ្ងៃនេះធ្វើឲ្យលំហូរនៃភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាកនេះ នៅខេត្តបាត់ដំបងមានចំនួនច្រើនគួរឲ្យកត់សំគាល់ ព្រមទាំងមានការចំណាយខ្ពស់ពីភ្ញៀវទេសចរ ទៅលើការចាយវាយផ្សេងៗ ដូចជាការធ្វើដំណើរ ការស្នាក់នៅ ម្ហូប អាហារ និងការចូលទស្សនាអីផ្សេងៗ ដូច្នេះចំណូលទាំងអស់គឺចូលដល់ប្រជាជនភាគច្រើន ជាពិសេសគឺនៅស្រុកបាណន់ និងស្រុកសំឡូត ដែលទទួលបានផលច្រើនជាងគេ។

ទន្ទឹមនឹងនេះលោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ជាក់ថា រយៈពេល ៥ថ្ងៃកន្លងទៅនេះ មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ក្នុងនោះមន្ទីរទេសចរណ៍បានសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ពន្ធ័ចុះផ្សព្វផ្សាយនិងធ្វើការណែនាំទៅដល់ម្ចាស់រមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរ ដែលទៅកម្សាន្ត ត្រូវឱ្យអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឲ្យបាននូវសន្តិសុខនិងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ដែលបានចូលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍ទាំងនោះបានយ៉ាងល្អប្រសើរថែមទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន