រដ្ឋាភិបាលឥណ្ឌូនេស៊ី ចំណាយថវិកាជាង​ ១៦០ លានដុល្លារជួយអាជីវកម្មខ្នាតតូចដែលរងគ្រោះដោយកូវីដ-១៩
សេដ្ឋកិច្ច August 25, 2020 Chan Sreyny

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko “ Jokowi” Widodo បានចាប់ផ្តើមកម្មវិធីជំនួយសង្គមដែលមានទឹកប្រាក់ ១៦២.៩ លានដុល្លារសម្រាប់អាជីវកម្មខ្នាតតូចដើម្បីជួយពួកគេឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់ផ្តើមកម្មវិធីនេះដោយចំណាយទឹកប្រាក់ចំនួន ២.៤ ទ្រីលានរូពី (១៦២.៩ លានដុល្លារអាមេរិក) ដោយផ្ទាល់ដល់អាជីវកម្មខ្នាតតូចចំនួន ១ លានកន្លែងនៅទូទាំងប្រទេស ដែលម្នាក់ៗទទួលបានប្រាក់ ២.៤ លានរូពី។ អាជីវកម្មដែលទទួលបានជំនួយផ្សេងៗពីរដ្ឋាភិបាលដូចជា៖ ប្រាក់ឧបត្ថម្ភអត្រាការប្រាក់​ ឬការរៀបចំរចនាសម្ព័ន្ធបំណុលមិនអាចទទួលប្រាក់ពីកម្មវិធីនេះទេ។

លោក Jokowi និយាយថា « ជាថ្មីម្តងទៀតខ្ញុំត្រូវរំលឹកអ្នកថា ជំនួយសង្គមនេះគឺជាជំនួយមិនមែនជាប្រាក់កម្ចីទេ។ ខ្ញុំសង្ឃឹមថា អ្នកនឹងប្រើវាជាដើមទុនបន្ថែមដើម្បីទិញទំនិញបន្ថែមទៀតសម្រាប់លក់ »។ សេដ្ឋកិច្ចឥណ្ឌូនេស៊ីពឹងផ្អែកយ៉ាងខ្លាំងទៅលើអាជីវកម្មខ្នាតតូច ដែលមានចំនួនច្រើនជាង ៦០% នៃផលិតផលក្នុងស្រុកសរុប និងប្រើប្រាស់កម្លាំងពលកម្មភាគច្រើន។

ទន្ទឹមនឹងនេះ កម្មវិធីជំនួយមានគោលបំណងកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត ដែលបានធ្លាក់ចុះ ៥.៣២% បើធៀបនឹងឆ្នាំមុនក្នុងខែមេសា ដល់ខែមិថុនា។ រដ្ឋាភិបាលបានព្យាយាមជួយដល់អាជីវកម្មខ្នាតតូចចំនួន ៤.៥ លានកន្លែងនៅចុងខែនេះ ហើយចំនួនអ្នកទទួលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៩.១៦ លាននាក់នៅចុងខែកញ្ញា។ លើសពីនេះទៅទៀត ជំនួយនេះបានកើតឡើងនៅពេលដែលអាជីវកម្មខ្នាតតូចជាច្រើនកំពុងតស៊ូបើកដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត។

យោងតាមការស្ទង់មតិលើអាជីវកម្មចំនួន ១.១៦៥ ដែលធ្វើឡើងក្នុងខែមេសា និងឧសភា ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល ៩១.៨% នៃអាជីវកម្មខ្នាតតូចបាននិយាយថា ពួកគេត្រូវការប្រាក់កម្ចីដោយគ្មានការប្រាក់ ឬទ្រព្យបញ្ចាំហើយ ៨៩.៥% ទាមទារជំនួយ ឬជំនួយជាសាច់ប្រាក់។ គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមថវិកាចំនួន ១២៣.៤៧ ទ្រីលានរូពីក្នុងថវិការដ្ឋសម្រាប់អាជីវកម្មខ្នាតតូចដែលជាផ្នែកមួយនៃកញ្ចប់ជួយសង្គ្រោះ Covid-19 របស់ខ្លួនដែលមានចំនួន ៦៩៥.២ ទ្រីលានរូពី។ ចំពោះថវិកាសម្រាប់ជំនួយសហគ្រាសធុនតូច និងមធ្យមរដ្ឋាភិបាលបានចំណាយ ៣៦% ហើយ៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost