ក្រុមហ៊ុនចិនមួយ គ្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាដល់ទៅ ៦ មុខចេញទៅប្រទេសចិន
សេដ្ឋកិច្ច August 25, 2020 Chan Sreyny

ក្រុមហ៊ុនចិនមួយបង្ហាញគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន ដោយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុន ធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុនចិនមួយនេះ គម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុន​។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រ ហើយលោកក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។

ដោយឡែកបើតាម លោក Wang Bingham បានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជាមក លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិន នាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ បន្ថែមពីនេះទៅទៀត លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ។

បន្ថែមពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីចិនបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ៕

អត្ថបទ៖ លីនី