បន្ទាប់ពីផ្លែស្វាយ មៀនប៉ៃលិន នឹងហោះទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ ២០២២
សេដ្ឋកិច្ច August 24, 2020 Chan Sreyny

ខណៈប្រទេសចិននាពេលបច្ចុប្បន្ននេះកំពុងចាប់អារម្មណ៍ខ្លាំងលើផលិតផលកសិកម្មរបស់កម្ពុជា កម្ពុជារំពឹងថានឹងនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ២០២២ ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា កម្ពុជាបាននិងកំពុងចរចាជាមួយភាគីចិន ទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីបំពេញឱ្យខាងតែបាននូវលក្ខខណ្ឌចាំបាច់សម្រាប់ការនាំចេញ។

ឯកឧត្តមបន្តថា នៅដើមឆ្នាំ២០២១ កម្ពុជានឹងនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារចិន ខណៈនៅដើមឆ្នាំ២០២២ នឹងនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ចិនផងដែរ ។ ដោយបច្ចុប្បន្នកម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះ ដាក់ទៅឲ្យភាគីចិន ដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ។ សូមជម្រាបផងដែរថា តាមរបាយការណ៍ពីរដ្ឋបាលខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិនមានដំណាំ ០៤ប្រភេទ ដែលកំពុងមានសក្តានុពលខ្ពស់ ក្នុងការដាំដុះនិងនាំចេញរួមមាន មៀនប៉ៃលិន ស្វាយកែវរមៀត ដំឡូងមី និងពោតក្រហម ដោយឡែក ផ្ទៃដីដាំមៀនប៉ៃលិន មានទំហំជាង ៤,៣៨៣ ហិកតា ៕

ប្រភព៖ ក្រសួងព័ត៌មាន