ម៉ាឡេស៊ី ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ២ ទសវត្សដោយសារការរីករាលដាលនៃជំងឺ ​Covid-19
សេដ្ឋកិច្ច August 15, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចអាស៊ីកាលពីជាង ២ ទស្សវត្សមុន ដោយសារតែផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងវិធានការតឹងរឹងដែលត្រូវបានធ្វើឡើងដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលរបស់ម៉ាឡេស៊ី នៅថ្ងៃទី ១៤ ខែសីហា បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ១៧.១% នៅក្នុងត្រីមាសទី២ បើធៀបទៅនឹងឆ្នាំមុន ដែលជាការបង្ហាញដ៏អាក្រក់បំផុតចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ ១៩៩៨ នៅក្នុងការស្ទង់មតិរបស់ Bloomberg ។ ធនាគារកណ្តាលបានបន្ថែមថា ការរឹតត្បិតដែលរាប់បញ្ចូលទាំងអាជីវកម្មត្រូវបានបិទទ្វារ និងប្រជាជនដែលរស់នៅក្នុងគេហដ្ឋានរបស់ពួកគេ បានបណ្តាលឱ្យតម្រូវការ និងការផ្គត់ផ្គង់មានការមានការធ្លាក់ចុះ ជាមួយនឹងវិធានការណ៍ត្រួតពិនិត្យព្រំដែននៅទូទាំងពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរ។

លោក Wan Suhaimi Saidi សេដ្ឋវិទូនៅធនាគារវិនិយោគ Kenanga បានព្រមានថា សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច ដោយសារមិនមានសញ្ញានៃការងើបឡើងវិញពេញលេញនៃតម្រូវការ និងសកម្មភាពអាជីវកម្ម។ លោករំពឹងថា ការធ្លាក់ចុះពេញ ១ ឆ្នាំពី ៤% ទៅ ៦% គឺច្រើនជាងការប៉ាន់ស្មានរបស់ធនាគារកណ្តាល ដែលបានព្យាករណ៍ពី ៣.៥% ទៅ​ ៥.៥% ។

ទោះជាយ៉ាងណា លោក Nor Shamsiah Mohamad Yunus ប្រធានធនាគារកណ្តាល Negara Malaysia បាននិយាយថា​ សេដ្ឋកិច្ចកំពុងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៅក្នុងត្រីមាសបច្ចុប្បន្ន ដោយសារការរឹតត្បិតទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។ គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងជំងឺ Covid-19 ចំនួន ៩,០០០ ករណី និងអ្នកស្លាប់មានចំនួន ១២៥ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus