ខេត្តកំពតនាពេលបច្ចុប្បន្ននេះ បានក្លាយជាខេត្តមួយដ៏មានសក្ដានុពលបំផុត ខណៈកន្លះឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានទៅកម្សាន្តទៅក្នុងខេត្តនេះ កើនលើសកាលពីឆ្នាំមុនៗ។ ដោយមើលឃើញពីសក្ដានុពលខេត្តនេះ ក្រុមហ៊ុនអន្តរជាតិមួយ កំពុងដំណើរការគម្រោងវិនិយោគនៅក្នុងខេត្តមួយនេះ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា កន្លងទៅនេះអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅស្រុកកំពង់ត្រាច ដោយមានសមាសភាពចូលរួម៖ លោកជំទាវអភិបាលរងខេត្ត អគ្គនាយកក្រុមហ៊ុន នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ អភិបាលស្រុកកំពង់ត្រាច និងមន្ត្រីជំនាញសរុបចំនួន ៤០ នាក់។

គួរឲ្យដឹងថា ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីធ្វើការវិនិយោគ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លារអាមេរិក។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៌ថា រដ្ឋបាលខេត្ត ទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD ដើម្បីរដ្ឋបាលខេត្តរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ រួចគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ៕

(រូបតំណាង)
(រូបតំណាង)
អត្ថបទ៖ លីនី


