សហគមន៍អឺរ៉ុបប្រកាសគម្រោងសហប្រតិបត្តិការចំនួន ៣ ក្រោមទឹកប្រាក់ជាង ១៥ លានជាមួយអាស៊ាន
សេដ្ឋកិច្ច August 15, 2020 Chan Sreyny

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans នៅថ្ងៃ១៣ ខែសីហា បានប្រកាសគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ចំនួន ៣ ជាមួយអាស៊ានដែលមានទឹកប្រាក់សរុប ១៣ លានអឺរ៉ូ (ជាង ១៥លានដុល្លារ)។ ការប្រកាសអំពីគម្រោងថ្មីៗត្រូវបានធ្វើឡើងក្នុងអំឡុងពេល នៃការបើកជាផ្លូវការនៃទិវាសហប្រតិបត្តិការនិងអាហារូបករណ៍អាស៊ាន – អឺរ៉ុបលើកទី ៣ ។

ជាក់ស្ដែងទឹកប្រាក់ ៥ លានអឺរ៉ូ នឹងត្រូវបានផ្ដល់ជូនសម្រាប់គម្រោងមួយដែលគាំទ្រ ដល់ការធ្វើ់នគរូបនីយកម្មឆ្លាតវៃ និងប្រកបដោយនិរន្តរភាព ចំណែក ៥ លានអឺរូសម្រាប់គម្រោងគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាព និង ៣ លានអឺរ៉ូសម្រាប់ស្ថានប័នសវនកម្មកំពូលអាស៊ាន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ការប្រកាសរបស់គម្រោងទាំង ៣ នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហភាពអឺរ៉ុប និងអាស៊ានក្នុងការលើកកម្ពស់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរបស់ពួកគេទោះបីមានផ្ទុះឡើងនៃរោគរាតត្បាត និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោក។ សហភាពអឺរ៉ុប គឺជាដៃគូសំខាន់បំផុតរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលគាំទ្រតំបន់នេះជាមួយទឹកប្រាក់ ២៥០ លានអឺរ៉ូ សម្រាប់កម្មវិធីសមាហរណកម្មតំបន់នៅចន្លោះឆ្នាំ ២០១៤-២០២០ បន្ថែមលើការគាំទ្រទ្វេភាគីដល់បណ្តារដ្ឋជាសមាជិកអាស៊ាន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus