កម្ពុជា និងជប៉ុនត្រៀមបើកការធ្វើដំណើរចេញ-ចូលទៅវិញទៅមកឡើងវិញ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
សេដ្ឋកិច្ច August 15, 2020 Chan Sreyny

ប្រទេសកម្ពុជា និងជប៉ុន បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបរិការណ៍ ដែលពិភពលោកកំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការិះរកមធ្យោបាយ និងវិធានការរួមគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមកនៃប្រទេសទាំងពីរ សម្រាប់ធុរជន និងប្រជាជនកម្ពុជា និងជប៉ុន។

កិច្ចពិភាក្សានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០។ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ កម្ពុជាបានដាក់ចេញនូវវិធានការម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ហើយបានសន្យាថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណងបន្ថែមសម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺ Covid-19 ។

លើសពីនេះទៅទៀត ដើម្បីចូលរួមកាត់បន្ថយនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងដើម្បីត្រៀមស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់សកម្មភាពសហប្រតិបត្តិការនានា ភាគីទាំងពីរបានពិភាក្សាស្វែងរកយន្តការ ឬកិច្ចសម្របសម្រួលជាពិសេសណាមួយ ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុនសម្រាប់ធុរជន និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនោះមានការពិភាក្សាលើលក្ខខណ្ឌសម្រាប់ធុរជន និងប្រជាជនដែលមានលំនៅដ្ឋាន (Business Track and Residence Track) ដោយរៀបចំឲ្យមានជាច្រកចេញ-ចូលរហ័ស (Fast Lane) និងយន្តការបណ្តោះអាសន្នសម្រាប់ការឆ្លងដែន និងស្នាក់នៅរបស់ធុរជន (Cross Border Business Travellers) រវាងកម្ពុជា-ជប៉ុននៃប្រទេសទាំងពីរជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុនដែលបានជ្រើសរើសកម្ពុជាជាប្រទេសអាទិភាពមួយ ក្នុងការរៀបចំនូវយន្តការចេញ-ចូលរហ័សសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងពេលមានវិបិត្តនៃជំងឺ Covid-19 នេះ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា