ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំង Covid-19 របស់រុស្ស៊ីនៅពេលដែលប្រទេសមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ Covid-19 ជាថ្មីម្ដងទៀត បន្ទាប់ពីរយៈពេលជាង ៣ ខែដែលមិនមានករណីឆ្លងជំងឺក្នុងសហគមន៍។
ក្រសួងមិនបានបញ្ជាក់ថា តើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដែលខ្លួនបានបញ្ជាទិញ ឬនៅពេលណាដែលខ្លួនរំពឹងថានឹងទទួលបាននោះទេ ដោយក្រសួងបានឱ្យដឹងកាលពីខែមុនថា វ៉ាក់សាំងដែលបានផលិតនៅក្នុងប្រទេសវៀតណាមនឹងមាននៅចុងឆ្នាំ ២០២១ ។ វៀតណាមបានរាយការណ៍ថា មានអ្នកឆ្លងសរុបចំនួន ៩១១ នាក់ដោយមានអ្នកស្លាប់ចំនួន ២១ នាក់។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃជំងឺនេះគឺខ្ពស់ណាស់ ហើយលោកបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនឹងមានយន្តការ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ ប្រធានក្រុមការងារទទួលបន្ទុកជំងឺឆ្លង Covid-19 វៀតណាមលោក Vu Duc Dam បាននិយាយនៅថ្ងៃទី ១៤ ថាប្រទេសវៀតណាមឥឡូវនេះគ្មានជម្រើសអ្វីក្រៅពីរស់នៅជាមួយជំងឺ Covid-19 នោះទេ។

គួរឱ្យដឹងផងដែរថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី ១២ ថាវ៉ាក់សាំង Covid-19 ដំបូងបង្អស់របស់ពិភពលោក នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល ២ សប្តាហ៍ទៀត ហើយក៏បានបដិសេធចំពោះ ការចោទប្រកាន់ថា វ៉ាក់សាំងរុស្ស៊ីមិនមានសុវត្ថិភាពនោះគឺគ្មានមូលដ្ឋានទេ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


