ប្រទេសលីបង់ កំពុងជួបបញ្ហាអស់ស្បៀងអាហារបន្ទាប់ពីការផ្ទុះដ៏ធំនៅទីក្រុង Beirut ដែលបានបំផ្លាញកំពង់ផែដ៏សំខាន់របស់ខ្លួនដោយបន្សល់នូវឧបសគ្គសម្រាប់ការផ្គត់ផ្គង់ ដែលអាចនឹងធ្វើឱ្យប្រទេសនេះរងគ្រោះដោយសារការអត់ឃ្លាន។
យោងតាមមន្ត្រីជាន់ខ្ពស់លីបង់បានឲ្យដឹងថា ការបាត់បង់កំពង់ផែ រួមជាមួយឃ្លាំងស្តុកស្បៀងអាហារជាច្រើនរបស់លីបង់ បានបង្កើតឱ្យមានឧបសគ្គយ៉ាងធ្ងន់ធ្ងរ។ ផលប៉ះពាល់ភ្លាមៗនៅ Beirut ដែលបណ្តាលមកពីការផ្ទុះនៅឃ្លាំងស្តុកកាលពីថ្ងៃទី ៤ ខែសីហា បានសម្លាប់មនុស្សប្រហែល ២០០ នាក់ និងរាប់ពាន់នាក់ទៀតរងរបួស។ ការផ្ទុះនេះក៏បានបំផ្លាញកំពង់ផែដែលជាកន្លែងស្តុកទុក ៩០% នៃទំនិញរបស់លីបង់។ ប្រទេសលីបង់បាននាំចូលស្ទើរតែគ្រប់យ៉ាង ដែលបានប្រើប្រាស់នៅទីនោះបានធ្វើឱ្យឧស្សាហកម្មក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង។

កំពង់ផែនេះ ក៏ជាកន្លែងស្តុកទុកគ្រាប់ធញ្ញជាតិដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ហើយការផ្ទុករបស់ប្រទេសភាគច្រើនក៏ត្រូវបាត់បង់ផងដែរ។ មន្ត្រីលីបង់ម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយប្រាប់សារព័ត៌មាន Businessinsider ថា ប្រទេសលីបង់ត្រូវការគ្រាប់ធញ្ញជាតិប្រហែល ៤៥,០០០ តោនក្នុងមួយខែ សម្រាប់ការធ្វើនំប៉័ង … ប៉ុន្តែយើងក៏ត្រូវការជំនួយជាបន្ទាន់ និងជំនួយវេជ្ជសាស្រ្តសម្រាប់អ្នករងរបួស និងគ្មានផ្ទះសម្បែងហើយយើងត្រូវការវិស្វកម្ម និងគ្រឿងសំណង់បន្ថែមទៀត ដើម្បីជួយដល់ Beirut ខាងកើតហើយយើងក៏ត្រូវការបេតុងជាច្រើនតោន និងកញ្ចក់ដើម្បីជួសជុលទីក្រុង។ ប្រទេសលីបង់មិនមានលទ្ធភាពនាំចូលទំនិញទាំងនេះដោយគ្មានកំពង់ផែ Beirut នោះទេ។

ទន្ទឹមនឹងនេះ ជំនួយបរទេសរួមទាំងជំនួយមកពីយោធាខ្លះៗ កំពុងអនុវត្តការងារដើម្បីសាងសង់កន្លែងផ្ទុកបណ្តោះអាសន្ន ប៉ុន្តែមន្ត្រីនោះបាននិយាយថា នឹងត្រូវការពេលវេលាសម្រាប់ប្រទេសលីបង់ក្នុងការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ លើសពីនេះទៅទៀត កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានបញ្ជូនយន្ដហោះដឹកទំនិញចំនួន ៣ គ្រឿងដោយមានឧបករណ៍ដើម្បីបង្កើតកន្លែងស្តុកទុកគ្រាប់ធញ្ញជាតិបណ្តោះអាសន្ននៅ Beirut ដើម្បីជួយដំណើរការគ្រាប់ធញ្ញជាតិដែលបានប៉ាន់ប្រមាណថាមានចំនួន ៥ ម៉ឺនតោនដែលបានបម្រុងទុកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

គួរបញ្ជាក់ផងដែរថា មុនពេលមានការផ្ទុះនេះ សេដ្ឋកិច្ចរបស់លីបង់ត្រូវបានកម្ទេចដោយវិបត្តិបំណុល ដែលធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ ៨០% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក៏ដូចជាអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវផងដែរ៕
អត្ថបទ៖ នីតា
ប្រភព៖ businessinsider


